ភ្នំពេញ៖ លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជាចូលរួមបានប្រកាសពិធីបើកវគ្គ បណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសជាផ្លូវការ ក្រោមការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនគុណភាពដល់មន្ត្រីរបស់ខ្លួនត្រៀមរៀបចំ មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជាមកដល់។
វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសកីឡារាំនេះបានចាប់ផ្តើមពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)រៀបចំដោយសហព័ន្ធកីឡារាំកម្ពុជា ដោយមានសិក្ខាកាមចំនួន៣០នាក់ មកពីបណ្តាលក្លិបរាំនានាដែលជាសមាជិកសហព័ន្ធ។
លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមន្ត្រីឲ្យកាន់តែប្រសើរត្រៀមការប្រកួត ជើងឯកថ្នាក់ជាតិ នាខែក្រោយនេះ ជាពិសេសសម្រួចគោលដៅ ឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣។
លោកជំទាវប្រធានសហព័ន្ធ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឲ្យខិតខំប្រឹងប្រែង ក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសប្រចាំវគ្គ ដើម្បីបង្កើនកម្រិតសមត្ថភាពឲ្យបានល្អប្រសើរ ដើម្បីបង្កើនកម្រិតសក្តានុពល វិស័យកីឡាំរាំកម្ពុជាទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។ ជាមួយគ្នានោះ លោកជំទាវ ញ៉ែម មរកត ក៏ស្នើឲ្យមន្ត្រីកីឡារាំទាំអស់បន្តកិច្ចសហការ សាមគ្គីភាព រួមធ្វើ និងរួមទទួលខុសត្រូវ ក្នុងដំណើរអភិវឌ្ឍវិស័យកីឡារាំកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕