ភ្នំពេញ៖នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ សហព័ន្ធប្រដាល់សកលកម្ពុជា បានបង្ហាញវត្តមានគ្រូបង្វឹកថ្មីជាជនជាតិកាហ្សាក់ស្ថានមកជួយហ្វឹកហាត់ដលើអ្នកប្រដាល់-កីឡាការិនីជម្រើសជាតិកម្ពុជា ទើបនឹងបញ្ចប់ការបោះជម្រំហ្វឹកហាត់២សប្ដាហ៍នៅប្រទេសថៃ រួមនឹងគ្រូជំនួយ និងមន្ត្រីរបស់សហព័ន្ធជាច្រើនរូប។
លោក ប៊ុយ សោភ័ណ្ឌ ជាអគ្គលេខាធិការរបស់សហព័ន្ធបានបញ្ជាក់ថា គ្រូបង្វឹកថ្មីនេះបានមកដោយសារជំនួយរបស់គណៈកម្មាធិការជាតិរៀបចំ SEA GAMES ឆ្នាំ២០២៣(CAMSOC)។ គ្រូបង្វឹករូបនេះជាគ្រូបង្វឹកកម្រិតអន្តរជាតិដែលមានបទពិសោធន៍ច្រើនលើវិញ្ញាសាប្រដាល់សកលធ្លាប់ជាគ្រូបង្វឹកជម្រើ សជាតិវៀតណាម មីយ៉ាន់ម៉ានិងធ្លាប់ជាគ្រូបង្វឹកជម្រើសជាតិផ្នែកយោធានៅប្រទេសកាហ្សាក់ស្ថានទៀតផង។គ្រូបង្វឹករូបនេះទើបតែបញ្ចប់បេសកកម្មបង្ហាត់នៅប្រទេសទួរគីរយៈពេលមួយឆ្នាំ។
លោកអគ្គលេខាធិការបន្តថា សហព័ន្ធក៏បានពង្រឹងឲ្យកីឡាករសហការជាមួយគ្រូបង្វឹកថ្មីនេះឲ្យបានល្អពិសេសលើផ្នែកបច្ចេកទេស និងការហ្វឹកហាត់ឲ្យបានល្អដើម្បីត្រៀមលក្ខណៈឲ្យបានខ្ពស់សម្រាប់ឆ្នាំ២០២៣។លោកអគ្គលេខាធិការមានជំនឿចិត្តថាគ្រូបង្វឹកថ្មីនេះនឹងជួយពង្រឹងហើយគាត់នឹងមានយុទ្ធសាស្រ្តល្អសម្រាប់ជួយដល់អ្នកប្រដាល់កម្ពុជាឲ្យដណ្ដើមបានជោគជ័យនាឆ្នាំ២០២៣។
គ្រូបង្វឹករូបនេះសន្យាថា លោកនឹងបង្ហាត់ឲ្យអស់ពីសមត្ថភាព ហើយលោកក៏មានគម្រោងស្នើសុំទៅ CAMSOCតាមរយៈសហព័ន្ធដើម្បីបញ្ជូនអ្នកប្រដាល់ជម្រើសជាតិកម្ពុជាទៅបោះជម្រំហ្វឹកហាត់នៅកាហ្សាក់ស្ថានជាប្រទេសសម្បូរដោយធនធានកីឡាករប្រដាល់សកលដើម្បីពង្រឹងបច្ចេកទេស និងបទពិសោធន៍សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។ការហ្វឹកហាត់នៅទីនោះកីឡាករកម្ពុជានឹងមានដៃគូជាមួយកីឡាករលំដាប់អន្តរជាតិ។
កាហ្សាក់ស្ថានជាប្រទេសដែលលំដាប់អន្តរជាតិផ្នែកកីឡាប្រដាល់សកលធ្លាប់ទទួលបានមេដាយមាសពិភភលោកនិងការប្រកួតអូឡាំពិក ។លោកសោភ័ណ្ឌមានជំនឿចិត្តថា សម្រាប់ការជួលគ្រូមកពីប្រទេសកាហ្សាក់ស្ថាននេះ ដើម្បីពង្រឹងបច្ចេកទេសការហ្វឹកហាត់ និងការប្រកួតឲ្យកាន់តែល្អព្រោះគាត់មានបទពិសោធន៍ច្រើនហេតុនេះគាត់អាចស្វែងយលពីកម្រិតបច្ចេកទេសរបស់អ្នកប្រដាល់នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និង អាស៊ី។ ដោយ៖លី ភីលីព