សូឡូ ៖ ក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការ អាស៊ីអាគ្នេយ៍បានសម្រេចជាផ្លូវការ នូវចំនួនកីឡា១២ប្រភេទ សម្រាប់ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួត ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើបទបង្ហាញ ស្តីពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំ ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដល់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សហព័ន្ធកីឡាជនពិការ អាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ នៅសណ្ឋាគារ Swiss BelHotel ក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការធ្វើបទបង្ហាញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សហព័ន្ធកីឡាជនពិការអាស៊ាន ព្រឹកនេះបានសម្រេចជាផ្លូវការ នូវចំនួនកីឡា១២ប្រភេទ សម្រាប់ព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេសកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីកីឡាទាំង១២ ប្រភេទដែលត្រូវបានអនុម័តជាផ្លូវការ ក៏នៅមានកីឡាខ្លះទៀតត្រូវបានដាក់ សម្រាប់ការពិចារណា ។
កីឡាទាំង១២ ដែលត្រូវបានអនុម័តជាផ្លូវការគឺ ប៊ូស្យា បាល់ទាត់៥ម្ខាង (ចលករខួរក្បាល) បាល់បោះពិការភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) អត្តពលកម្ម ហែលទឹក លើកទម្ងន់ និងបាល់បោះជិះរទេះ ។
តាមការគ្រោងទុក កម្ពុជានឹងទទួលរៀបចំការប្រកួត អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា នៅរាជធានីភ្នំពេញ ៕