លោក Jorgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយនៅក្នុងថ្ងៃនេះថា បន្ទាប់ពីខ្សែប្រយុទ្ធ Sadio Mane ចាកចេញទៅកាន់ Bayern Munich ក្រុមរបស់លោកត្រូវតែខិតខំ សហការគ្នាជាធ្លុងមួយ សារជាថ្មី នឹងកីឡាករ ដែលកំពុងមានវត្តមាន ស្រាប់នៅក្លឹបលោក។
លោក Klopp បាននិយាយថា៖” ពិតប្រាកដណាស់ យើងមានការផ្លាស់ប្ដូរតិចតួច នៅក្នុងក្រុមបន្ទាប់ពីយើងបានបាត់ Mane ចេញទៅដែលជាកីឡាករម្នាក់ស្ថិតក្នុងជម្រើសដំបូងជានិច្ច នៅក្នុងក្លឹបយើងអស់រយៈពេល៦ឆ្នាំចុងក្រោយនេះ។ យ៉ាងណាក្ដីរឿងក្នុងបាល់ទាត់តែអញ្ចឹងឯង ។ យើងមិនអាចនៅជាមួយក្រុមតែមួយជារៀងរហូតបានទេ “។
លោកបន្តថា៖” និយាយទៅយើងត្រូវផ្លាស់ប្ដូរមួយចំនួន ព្រោះពេល Mane មកប្រាប់យើងថាចង់ទៅធ្វើនូវការ ប្រកួតប្រជែងបទពិសោធន៍ថ្មីព្រោះតែកន្លងមកនេះនៅ Liverpool គឺគ្រប់គ្រាន់សម្រាប់គេហើយនោះ អញ្ចឹងពួកយើងក៏យល់ព្រម ហើយក៏ត្រូវធ្វើតាមហ្នឹងផងដែរ ។ ដូច្នេះយើងក៏ត្រូវការពេលគ្រប់គ្រាន់សម្រាប់រៀបចំធ្វើរឿងហ្នឹងផងដែរ ហើយយើងក៏បានធ្វើវាដូច ដែលមើលឃើញអញ្ចឹង។ ហើយឥឡូវនេះអ្វីដែលចាំបាច់របស់យើង គឺត្រូវតែខិតខំសហការគ្នាជាធ្លុងមួយសារជាថ្មីនឹងកីឡាករ ដែលកំពុងមានវត្តមានស្រាប់នៅក្លឹបយើងនេះ ។ រឿងនេះជារឿងធម្មតា ទៅហើយដែលយើងត្រូវធ្វើជាប្រចាំ “។
ក្រោយ Mane ចេញទៅ Bayern ខាង Liverpool ក៏បាននាំយក Darwin Nunez ពី Benfica ដើម្បីជំនួសផងដែរ៕