កីឡា

Ten Hag នឹង​ដាក់ Ronaldo ឲ្យ​នៅ​បម្រុង ​សម្រាប់​ការ​ប្រកួត ​បើក​ឆាក​លីគ​របស់ United

Cristiano Ronaldo នឹង​ត្រូវ​​អង្គុយ​នៅ​កៅអី​បម្រុង ​​សម្រាប់​ការ​ប្រកួត​បើក​ឆាក ​រដូវ​កាល​ថ្មី​២០២២-២៣ Premier League របស់ Manchester United ដោយ​សារ​តែ​អនាគត ​របស់​គេ​មិន​ទាន់​ច្បាស់​លាស់ ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ ​​នៅ​សល់​កុងត្រា​រយៈពេល​១២​ខែ​​ទៀត​នៅ United ប៉ុន្តែ​​បំណង​របស់​គេ​ចង់​ចាក ចេញ​ពី​ក្លឹប​​នៅ​រដូវ​ក្ដៅ​នេះ ​​​​ព្រោះ​ចង់​បាន​លេង​នៅ​ពាន​រង្វាន់ Champions League ។ កីឡាករ​វ័យ​៣៧​ឆ្នាំ ​​បាន​ខកខាន​​សម្រាប់​ការ ​ប្រកួត​កម្ដៅ​សាច់ដុំ​របស់ United នៅ​ប្រទេស​ថៃ ​និង​អូស្ត្រាលី​ ដោយ​សុំ​ច្បាប់​ក្លឹប​ក្រោម ​ហេតុផល​គ្រួសារ ។

Ronaldo បាន​ត្រឡប់​មក​កាន់​បិសាច​ក្រហម​វិញ ​ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​នឹង Rayo Vallecano និង​លេង​​បាន​តែ​៤៥​នាទី​គត់​មុន​ពេល​ដើរ​ចេញ​ពី​កីឡដ្ឋាន​ទាំង​ការ​ ប្រកួត​មិនទាន់​​ចប់ ។ តាម​ប្រភព​ពី The Sun បញ្ជាក់​ថា លោក Erik ten Hag បាន​សម្រេច​ចិត្ត​​​​ Ronaldo នឹង​ចាប់​ផ្ដើម​ប្រកួត​ដំបូង​របស់ United ក្នុង​ Premier League ទល់​នឹង​ Brighton ក្នុង​នាម​ជា​កីឡាករ​បម្រុង។

អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់ ​​នឹង​​ដាក់ Jadon Sancho, Anthony Martial និង Marcus Rashford ឲ្យ​ជាប់​ជា​ជម្រើស​១១​នាក់​ដំបូង ក្រោយ​ពួក​គេ​បង្ហាញ​ទម្រង់​លេង​ល្អ ​ក្នុង​ការ​ប្រកួត​ Pre-Season៕

Most Popular

To Top