សូឡូ៖ លោក ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីជួរមុខតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យប្រជាពលរដ្ឋទាំង១៧លាននាក់ ប្រកួតលើឆាកអន្តរជាតិ ដោយស្មើរមុខស្មើរមាត់ និងយកបទពិសោធន៍ ភាពជោគជ័យជូនប្រទេសជាតិ ការដឹកនាំអត្តពលិកជនពិការ ចូលរួមអាស៊ានប៉ារ៉ាហ្គេមលើកនេះ គឺជាបទពិសោធន៍មួយមិនអាចកាត់ថ្លៃបាន។

លោក ហ៊ុន ម៉ានី បន្តថា បើមិនចូលរួមទេប្រហែលជាមិនបានស្វែងយលបន្ថែម ពីការខំប្រឹងប្រែង ស្មារតី និងការតស៊ូរបស់បងៗកីឡាករ-កីឡាការិនី ខ្ញុំគ្មានអ្វីក្រៅពីការកោតសរសើរដ៏ស្មោះ ចំពោះការខំប្រឹងប្រែងរបស់បងៗ ។ប្រភេទកីឡាមិនឈ្នះមេដាយ ពេលត្រឡប់ទៅវិញ ត្រូវសិក្សាដកស្រង់បទពិសោធន៍ ស្វែងរកចំនុចខ្សោយ ពង្រឹងចំនុចខ្លាំងទៅលើបច្ចេកទេសតាមប្រភេទនីមួយៗ ដើម្បីអោយមានសក្តានុពល ត្រៀមដណ្តើមមេដាយក្នុងនាមជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ លើទឹកដីយើង ប្រជាជនយើង ហើយការហ៊ោ សំលេងគាំទ្រកីឡាករ កីឡាការិនីរបស់យើង ។
លោក យី វាសនា អគ្គលេខាធិការគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងនាយបេសកម្មអាស៊ានប៉ារ៉ាហ្គេម បានមានប្រសាសន៍ បេសកម្មឆ្នាំនេះ កម្ពុជាជោគជ័យគួរជាទីមោទន ជាមួយនឹងការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធលើសពីការគ្រោងទុក តាមរយៈការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែងស្មើរមុខ ស្មើរមាត់ជាមួយអត្តពលិកក្នុងតំបន់អាស៊ាន ប្រកបដោយសក្តានុពលជូនជាតិមាតុភូមិ ។
លោកអគ្គលេខាធិការ បន្ថែមថា សមិទ្ធផលនេះ កើតចេញទឹកចិត្តដ៏ថ្លៃថ្លាល្អប្រពៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានតែងតាំងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាអនុប្រធានគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដឹកនាំប្រតិភូអត្តពលិកជនពិការកម្ពុជា ចូលរួមប្រកួតប្រកបដោយភាពកក់ក្តៅ ដោយឯកឧត្តមប្រធានបានចុះជាប់ជាមួយប្អូនជនពិការគ្រប់ការប្រកួតមិនថា យប់ឬថ្ងៃ ។
ក្រុមអត្តពលិកជនពិការកម្ពុជា បានបញ្ចប់បេសកម្មប្រកួត នៅព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីជាផ្លូវការ ក្រោយដណ្តើមបានមេដាយសរុប២៨គ្រឿង មាស៧ ប្រាក់១០ និងសំរឹទ្ធ១១គ្រឿង៕ ដោយ៖លី ភីលីព




