បន្ទាប់ពីសម្រេចជោគជ័យ អស់រយៈពេល១២ខែ ពោលគឺ២រដូវកាលកន្លងផុតទៅ កម្មវិធីប្រដាល់គុនខ្មែរ របស់ស្ថានីយទូរទស្សន៍ PNN ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខ ពីក្រុមហ៊ុនស្រាបៀរ Ganzberg បានបន្តដំណើរទៅមុខ រហូតដល់ដំណាច់ឆ្នាំ២០២២ ដែលនោះគឺជារដូវកាលទី៣ នៃកម្មវិធីប្រដាល់គុនខ្មែរ Ganzberg Onestrike នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតជម្រុះពីសប្ដាហ៍ទី១ នៃខែសីហា តទៅ។
២រដូវកាលកន្លងទៅកម្មវិធីប្រដាល់គុនខ្មែរ Ganzberg Onestrike ដែលឧបត្ថម្ភជាពិសេសពីក្រុមហ៊ុនស្រាបៀរ Ganzberg បានរកឃើញអធិរាជ២ប្រភេទទម្ងន់ផ្សេងគ្នា ដោយរដូវកាលទី១ ទម្ងន់៥៧គីឡូក្រាម អេលីត ចំរើន ក្រសោបយកខ្សែក្រវាត់ និងប្រាក់១ម៉ឺនដុល្លារ រីឯរដូវកាលទី២ ប្រភេទ៦០គីឡូក្រាម រិន ដេវីត គ្រោងខ្សែក្រវាត់ និងប្រាក់រង្វាន់៤០លានរៀល។ ចំណែករដូវកាលថ្មី ចំណីចក្ខុកាន់តែប្លែក គឺការប្រកួតដណ្ដើមខ្សែក្រវាត់ Ganzberg Onestrike និងប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ប្រភេទទម្ងន់៦៥គីឡូក្រាម។
គួរជម្រាបជូនថា សម្រាប់បេសកម្មដណ្ដើមខ្សែក្រវាត់ Ganzberg Onestrike រដូវកាលទី៣ គឺនៅរក្សារូបមន្តដដែល ពោលគឺការប្រកួតចាញ់ធ្លាក់ ដោយឡែកសម្រាប់បេក្ខភាព ទម្ងន់៦៥គីឡូ ដែលមកពី១៦ក្លិបផ្សេងគ្នា រូមមាន ៖ កីឡាករ ធន់ ចាន់តាក់, នូវ ដារ៉ូ, គង់ សំបូរ, ផាន់ រះ, មឿង សុខហ៊ុច, សេក គឹមរួន, ផាន់ គ្រាន់, វ៉ែន ហុងជីវង្ស, ឡុង សំណាង, សូត្រ ខេវិន, ម៉ន ព្រហ្មម៉ាញ, តាំង សីហា, គិន សំបូរ, នួន រ៉ាថេប, សោម វិឆ័យ, ខុន ស៊ីចន។
សូមបញ្ជាក់ថា កម្មវិធីប្រដាល់ Ganzberg One Strike នៃស្ថានីយទូរទស្សន៍ PNN នឹងបើកយុទ្ធនាការជម្រុះដណ្ដើមខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក រដូវកាលទី៣ ដែលនឹងចាប់ផ្ដើម ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២ តទៅ ដែលនឹងមានការប្រកួត៣ប្រភេទផ្សេងគ្នា ដោយគូទី១ និងទី២ គឺជាការប្រកួត ម៉ារ៉ាតុន ដែលការផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេង បានបញ្ចេញសមត្ថភាពលើសង្វៀនស្ដង់ដា រីឯគូទី ៣ ជាការប្រកួត Onestrike ដែលប្រើស្រោមដៃតូច (ហ្គង់MMA) និងគូទី៤ ឈានចូលដល់ការប្រកួតជម្រុះខ្សែក្រវាត់ ដើម្បីស្វែងរកអធិរាជទម្ងន់ ៦៥គីឡូក្រាម ចំណែកគូទី៥ គឺយកអ្នកឈ្នះគូទី១ និងទី២ ប្រកួតផ្ដាច់ព្រ័ត្រម៉ារ៉ាតុនដណ្ដើមប្រាក់លាន។
កុំភ្លេចរង់ចាំទស្សនា កម្មវិធីប្រដាល់គុនខ្មែរ Ganzberg One Strike ដែលផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ៊្វេសប៊ុក PNN Sports និង Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ និងអាចចូលរួមទស្សនាដោយផ្ទាល់នៅក្នុងស្ទូឌីយូ ម៉ាស៊ីន នៃស្ថានីយទូរទស្សន៍PNN៕