កីឡា

អ៊ីស្រាអែល និងតួកគី ព្រមព្រៀង គ្នាស្ដារទំនាក់ទំនងការទូត ពេញលេញឡើងវិញ

យេរ៉ូសាឡឹម ៖ ប្រទេសអ៊ីស្រាអែល និងតួកគី បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ដើម្បីស្តារទំនាក់ទំនងការទូត ពេញលេញឡើងវិញ និងបញ្ជូនឯកអគ្គរដ្ឋទូត ទៅគ្នាទៅវិញទៅមក បន្ទាប់ពីភាពតានតឹង ជាច្រើនឆ្នាំ ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានសរសេរនៅលើបណ្ដាញ Twitter របស់លោកថា “អ៊ីស្រាអែល និង តួកគី បានសម្រេចចិត្តស្តារឡើងវិញ នូវទំនាក់ទំនងការទូតពេញលេញ រវាងប្រជាជាតិរបស់យើង រួមទាំងឯកអគ្គរដ្ឋទូត ដែលត្រឡប់មកប្រទេសវិញ” ។

លោកបានលើកឡើងថា “នេះនឹងរួមចំណែក មិនត្រឹមតែធ្វើឱ្យ ទំនាក់ទំនងទ្វេភាគី របស់យើងកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹង ស្ថិរភាពក្នុងតំបន់ផងដែរ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នៅក្នុងនោះដែរប្រទេសតួកគី បានបញ្ជាក់ថា ប្រទេសទាំងពីរ នឹងដាក់ឯក អគ្គរដ្ឋទូតឡើងវិញ ដែលជាផ្នែកមួយ នៃការធ្វើឱ្យមានប្រក្រតីភាព នៃទំនាក់ទំនងទ្វេភាគី។

រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានលើកឡើងថា “យើងបានសម្រេចចិត្តតែងតាំង ឯកអគ្គរដ្ឋទូតប្រចាំទីក្រុង Tel Aviv របស់អ៊ីស្រាអែល” ដោយបន្ថែមថា កិច្ចសន្ទនាពាក់ព័ន្ធបាន ចាប់ផ្តើមបន្ទាប់ពីរដ្ឋាភិបាល អ៊ីស្រាអែលថ្មី បានចូលកាន់តំណែងនៅឆ្នាំ២០២១។

ទំនាក់ទំនងរវាងអ៊ីស្រាអែល និងតួកគី កាន់តែតានតឹងនៅក្នុងឆ្នាំ២០១០ នៅពេលដែលកងនាវាចរ ដឹកនាំដោយតួកគី ប៉ុនប៉ងបំបែកការបិទ ផ្លូវរបស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សាស្ទ្រីប បានប៉ះទង្គិចជាមួយកងកម្លាំង អ៊ីស្រាអែល ដែលបណ្តាលឱ្យជនជាតិតួកគី ១០នាក់ត្រូវបានសម្លាប់។

ក្នុងឆ្នាំ២០១៨ តួកគី និងអ៊ីស្រាអែល បានបណ្តេញអ្នកការទូតកំពូល របស់គ្នាទៅវិញ ទៅមកចំពេលមានជម្លោះជុំវិញការ សម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦០នាក់ក្នុងអំឡុង ពេលតវ៉ារបស់ពួកគេប្រឆាំង នឹងការបើកស្ថានទូតអាមេរិក នៅទីក្រុងយេរ៉ូសាឡឹម៕

Most Popular

To Top