កីឡា

លោក គៀត ច័ន្ទថារិទ្ធ កោតសរសើរ សិក្ខាកាមវគ្គបណ្តុះបណ្តាល បច្ចេកទេសអាជ្ញាកណ្តាល កីឡាវាយកូនឃ្លីលើតុ កម្រិតអន្តរជាតិ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធាន សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា លោក ដួង ហេង អនុប្រធានសហព័ន្ធ លោកស្រី RACHEL DI RAMOS ជាចៅក្រមអន្តរជាតិ និងជាអាជ្ញាកណ្តាលអន្តរជាតិ និងលោក ប៉ែន វុទ្ធី អនុប្រធាន នាយកដ្ឋាន អប់រំកាយ និងកីឡាបានអញ្ជើញ បិទវគ្គបណ្តុះបណ្តាលបច្ចេកទេស អាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុ កម្រិតអន្តរជាតិនៅថ្ងៃ៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលបច្ចេកទេស អាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិ សម្រាប់អាជ្ញាកណ្តាលថ្នាក់ជាតិ ដែលប្រព្រឹត្ត ចាប់ពីថ្ងៃទី២៧ដល់៣១ ខែសីហា ឆ្នាំ២០២២ រៀបចំដោយសហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា និងសហព័ន្ធកីឡាវាយកូនឃ្លីលើតុ អន្តរជាតិ ដើម្បីត្រៀមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា ។

ឆ្លងកាត់ការហ្វឹកហ្វឺន អស់រយៈពេល៥ ថ្ងៃកន្លងមក ក្រោមការដឹកនាំផ្ទាល់ ពីលោកស្រី RACHEL DI RAMOS ជាចៅក្រមអន្តរជាតិ និងជាអាជ្ញាកណ្តាល អន្តរជាតិ (ITTF INTERNATIONAL REFEREE INTERNATIONAL UMPIRE) និងសមាជិកគណៈកម្មាការចៅក្រម និងអាជ្ញាកណ្តាលអន្តរជាតិ (ជំនាញ) ជាពិសេសការហ្វឹកហ្វឺនដល់អាជ្ញាកណ្ដាល ថ្នាក់ជាតិ ចំនួន០៩រូប ដែលត្រៀម ប្រឡងយកវិញ្ញាបនបត្រ អាជ្ញាកណ្ដាលអន្តរជាតិ នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខ ។ ចំពោះលទ្ធផលទទួលបានរួមមាននិទ្ទេសល្អ៥០ ភាគរយ និទ្ទេសល្អបង្គួរ ៤០ ភាគរយ និងនិទ្ទេសមធ្យម១០ភាគរយ ។

លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បាន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល បច្ចេកទេសអជ្ញាកណ្តាល កីឡាវាយកូនឃ្លីលើ តុកម្រិតអន្តរជាតិ នេះជាផែនការមេ របស់សហព័ន្ធ ក្នុងការពង្រីកសមត្ថភាពអាជ្ញាកណ្តាលកម្ពុជា ឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ដើម្បីត្រៀមខ្លួនរៀបចំ ព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា ។

លោកបានបន្តថា សិក្ខាកាមជាធនធនា ដ៏សំខាន់សម្រាប់សហព័ន្ធយើង ដូចលោកស្រី RACHEL DI RAMOS បានលើកឡើងថា ការប្រកួតប្រព្រឹត្តបានល្អ ប្រសើរត្រូវមានការចូលរួម ជាមួយអាជ្ញាកណ្តាល និងចៅក្រម ចំពោះជាពិសេសការហ្វឹកហ្វឺន ដល់អាជ្ញាកណ្ដាលថ្នាក់ជាតិ ចំនួន០៩រូបដែលត្រៀម ប្រឡងយកវិញ្ញាបនបត្រ អាជ្ញាកណ្ដាលអន្តរជាតិ នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខត្រូវខិតខំប្រឹងប្រែងប្រឡង់ ឲ្យក្លាយជាអាជ្ញាកណ្ដាលអន្តរជាតិឲ្យបាន៕ ដោយ៖លី ភីលីព

Most Popular

To Top