ភ្នំពេញ៖គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជាក្រុមជម្រើសជាតិដណ្តើមបានមេដាយ២គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ ឆ្នាំ ២០២២ (7thAerobic Gymnastic ASIAN Championships 2022) នៅប្រទេសថៃ។
លោក ណយ ផាណា លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាប្រធានគណៈប្រតិភូថ្នាក់ដឹកនាំ បានមានប្រសាសន៍ថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី7 “Asian Aerobic championships Age Group” អាយុក្រោម15 ឆ្នាំ កម្ពុជាទទួលបានឈ្នះមេដាយ២គ្រឿង គឺមេដាយប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង។
លោកបានបន្តថា សម្រាប់វិញ្ញាសាជាគូឈ្នះមេដាយប្រាក់១គ្រឿង គឺកីឡាករ ស៊្រាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត ចំណែកវិញ្ញាសាទ្រីយ៉ូជាក្រុមឈ្នះមេដាយសំរឹទ្ធ១គ្រឿងរួមមានកីឡាករ ស៊្រាន វួចទ្រីកីឡាការិនី ឈួន ស្រីនាត និងកីឡាការិន ច្រឹង ចាន់ត្រា។ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជាមាន៨ វិញ្ញាសា ប្រភេទអាយុលើសពី១៨ ឆ្នាំ មាន ៤ វិញ្ញាសា ឯកត្តជនបុរសប្រកួតគូ ទ្រីយ៉ូនិងប្រកួតជាក្រុម ប្រភេទអាយុក្រោម ១៨ ឆ្នាំ មាន៣វិញ្ញាសា ឯកត្តជននារី គូចម្រុះ និងទ្រីយ៉ូ ហើយទី៣ ប្រភេទយុវជនអាយុពី ១៥ ឆ្នាំ ដល់ ១៧ ឆ្នាំ ដែលមានការប្រកួតវិញ្ញាសាឯកត្តជននារី និងប្រកួតជាក្រុម។
ការប្រកួតសម្រាប់អាយុលើស១៨ឆ្នាំ អាយុក្រោម១៨ ឆ្នាំ និងយុវជនអាយុចាប់ពី ១៥ ដល់ ១៧ ឆ្នាំ ត្រូវតែស្វែងរកឲ្យបានមេដាយដូចគ្នាទោះមេដាយកម្រិតណាក៏ដោយឲ្យតែយើងដណ្តើមបាន តែគោលដៅធំរបស់យើង គឺឈានទៅរកមេដាយ។
លោកអគ្គបន្តថា ដោយសារមានការដាក់ចេញនូវសេចក្តីណែនាំពីលោកបណ្ឌិត ថោង ខុន ជាប្រធានសហព័ន្ធ គឺយើងពិនិត្យឃើញថា ការអនុវត្តការងាររបស់យើងសព្វថ្ងៃនេះ បានដើរចូលទៅក្នុងគន្លងផែនការ ដែលយើងបានព្រាងទុក។ ការប្រកួតនេះ នឹងមានលទ្ធផលល្អ ដោយយើងមានភាពស្តង់ដា ក្នុងការឈានទៅដណ្តើមបានមេដាយចូលជាង៩០ភាគរយទៅហើយ៕
ដោយ៖លី ភីលីព