ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការកីឡាដ្ឋានខេត្តកំពង់ស្ពឺ និងលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត នៅកីឡាដ្ឋានខេត្តកំពង់ស្ពឺ មានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សមិទ្ធផលកីឡាដ្ឋានខេត្តកំពង់ស្ពឺ ជាគំនិតផ្ដួចផ្ដើម របស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ក្នុងស្មារតីរួមគ្នាដើម្បីលើកមុខមាត់ គិត្យានុភាពរបស់ខេត្តផង និងគោលបំណងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកីឡា ឲ្យកាន់តែរីកចម្រើនឆ្ពោះ ទៅការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ខាងមុខនេះផងដែរ ។

ជាមួយការប្ដេជ្ញាចិត្ត ដ៏មោះមុតរបស់លោក ហ៊ុន ម៉ានី បន្ទាប់ពីទទួលបានការឯកភាពគាំទ្រ ពីភាគីពាក់ព័ន្ធជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ដោយការផ្ដល់ជម្រើសទីតាំងដី មួយចំនួនសម្រាប់ការសាងសង់ នៅឆ្នាំ ២០១៨ ។ ក្រុមការងារបានចាប់ផ្ដើមសិក្សា លើគម្រោងទាំងមូល ដោយចាប់ផ្ដើមពីការកំណត់យកទីតាំងសាកសម និងការសិក្សាលើប្លង់ទីលានបាល់ទាត់ អាគារកីឡាដ្ឋាន ប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ ជាពិសេសគឺការងារកៀរគរ សប្បុរសជនឲ្យមានការចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និង ថវិកាដើម្បីដំណើរការគម្រោង ។

កីឡដ្ឋានត្រូវបានសាងសង់ លើផ្ទៃដីទំហំ ៤៣.៤០២ ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៤៤ ដែលមានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ កីឡដា្ឋននេះបានត្រូវបាន បើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និង បានបញ្ចប់ការដ្ឋានសាងសង់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះ ។ គម្រោងសាងសង់កីឡាដ្ឋាន ខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់ ជាពីរដំណាក់កាល គឺដំណាក់កាលរៀបចំសាងសង់របង និងក្លោងទ្វារធំទាំងពីរ នៃកីឡាដ្ឋាន និងបន្ទាប់ការសាងសង់សំណង់អគារ ទីលានបាល់ទាត់ ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងក្នុងនិងក្រៅបរិវេណកីឡាដ្ឋាន ស្ដាប់ពេលជាមួយការសាងសង់សួនកុមារ កន្លែងហាត់ប្រាណ សម្រាប់ សាធារណជន និងការបំពាក់អំពូលសូឡា ក្នុងបរិវេណកីឡាដ្ឋាន។

កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ក៏នឹងក្លាយជាទីលានគោល សម្រាប់ក្រុមបាល់ទាត់ណាហ្គាវើលដ៏អ្វេសស៊ី ដោយក្រុមបាល់ទាត់ អាជីពនេះ នឹងយកទីលានកីឡដ្ឋាន ខេត្តកំពង់ស្ពឺ សម្រាប់ការហ្វឹកហាត់ និងទទួលជាម្ចាស់ផ្ទះ ក្នុងជំនួបជាមួយក្រុម បាល់ទាត់នានា ។

លើសពីនេះ ក្រុមបាល់ទាត់នេះ នឹងជួយហ្វឹកហាត់ដល់ថ្នាលកីឡាករ-កីឡាការីនី បាល់ទាត់ខេត្តកំពង់ស្ពឺដោយគ្រូបង្ចឹកជំនាញ នឹងផ្លាស់ប្ដូរបទពិសោធន៍ ជាមួយកីឡាករអាជីពផងដែរ ។ កីឡដ្ឋាននេះ នឹងក្លាយជាទីតាំង បណ្ដុះបណ្ដាលថ្នាលកីឡាករ-កីឡាការីនីក្នុងខេត្តកំពង់ស្ពឺឲ្យកាន់តែមានសក្ដានុពល និងដើម្បីឲ្យប្អូនៗកីឡាករ កីឡាការីនី ក្នុងខេត្តកំពង់ស្ពឺ អាចបំពេញក្ដីស្រម៉ៃរបស់ខ្លួន ៕



