កីឡា

គ្រូបង្វឹកបាល់ទះ ក្នុងសាល និងឆ្នេរខ្សាច់ ជនជាតិគុយបា២នាក់ ជួយកម្ពុជា រហូតដល់ SEA GAMES ២០២៣

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចចិត្តចុះកិច្ចសន្យាផ្លូវការ ជាមួយគ្រូបង្វឹកបាល់ទះ ជនជាតិគុយបា ទាំង២រូប ជាផ្លូវការ ក្រោយពិនិត្យមើលឃើញ ពីបច្ចេកទេស និងការបង្ហាត់ ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទាំងក្នុងសាល និងបាល់ទះឆ្នេរខ្សាច់ អស់មួយរយៈរួចមក នារសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការ របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា នៃវិមាណពហុកីឡដ្ឋានជាតិ ដោយចូលរួមធ្វើជាសាក្សី ពីពីសំណាក់មន្រ្តីរបស់សហព័ន្ធ និងលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅប្រទេសកម្ពុជា ។

លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas ជាអ្នកគ្រប់គ្រង របស់គ្រូបង្វឹកទាំង២ សុទ្ធតែតាំងចិត្ត នឹងចូលរួមជាធ្លុងមួយ ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដើម្បីប្រជែងយកជ័យជម្នះក្នុងប្រកួតលើឆាក អន្តរជាតិនានា ជាពិសេសគឺដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡា SEA GAMES ២០២៣ខាងមុខ។ ភាគីគុយបា បានថ្លែងអំណរគុណ ដល់ថ្នាល់ដឹកនាំសហព័ន្ធដបានជួយសម្របសម្រួលការរស់នៅ និងការធ្វើការ របស់ខ្លួននៅលើទឹកដីកម្ពុជា ជាពិសេសតាមរយៈការប្រឹងប្រែង លើឆាកអន្តរជាតិ របស់លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការជួយជ្រោម ជ្រែងពីសំណាក់ លោកជំទាវអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ពេលនេះយើងបានសម្រេច ចុះកិច្ចសន្យាជាមួយនឹងលោក លោក Karell Pena Ventoza ជាគ្រូបង្វឹកបាល់ទះ ឆ្នេរខ្សាច់បុរស ហើយលោក Berto Friol Barrios ជាគ្រូជំនួយក្រុមបាល់ទះក្នុងសាលបុរស ។ ក្រោយយើងធ្វើតេស្តិ៍សាកល្បង ពិនិត្យលើការផ្តល់តិចនិច និងទស្សនវិស័យមួយចំនួន ស្របតាមលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ និងលោក ស សុខា អនុប្រធានសហព័ន្ធ ចង្អុលបង្ហាញ ។
ក្នុងន័យតែមួយគត់ គឺយើងចង់បានមេដាយមាស ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡា SEA GAMES ២០២៣ ។ ហើយខ្ញុំជឿជាក់ថា ការបន្ថែមគ្រូបង្វឹកទាំង២នាក់នេះ មកជួយយើងឱ្យមានសង្ឃឹម កាន់តែធំក្នុងការប្រជែង យកមេដាយមាស ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ សង្កត់ធ្ងន់ថា ខ្លឹមសារនៃកិច្ចសន្យាបើកទូលាយដែរ ដោយយើងទទួលគាត់ជាគ្រូបង្វឹក ទាំងបាល់ទះឆ្នេរខ្សាច់ក្តី បាល់ទះក្នុងសាលក្តី រយៈពេល១ឆ្នាំ បើងាកមើលទៅក្រោយស៊ីហ្គេមឆ្នាំ២០២៣ ចប់រយៈ៣ខែទើបផុតកិច្ចសន្យា ។ តែក្នុងនោះយើងចង់បន្តកិច្ចសន្យា ត្រូវជូនដំណឹងគ្នារយៈពេល៣ខែមុន ប៉ុន្តែបន្តឬមិនបន្ត គឺអាស្រ័យលើគុណផល ដែលគាត់មកបង្វឹកក្រុមកីឡាករ របស់យើង ឈានទៅមុខដល់កម្រិតណា។ បើសិនសំទុះខ្ពស់ ចាំបាច់ត្រូវតែបន្ត ដើម្បីពង្រឹងឱ្យវិស័យបាល់ទះ យើងកាន់តែរីកចម្រើនទៅមុខ ។

ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ខាងលើបន្តថា បច្ចុប្បន្ននេះ ទេពកោសល្យរបស់កីឡាករយើងមានហើយ ប៉ុន្តែយើងត្រូវបន្ថែមលើបច្ចេកទេស និងរបៀបមួយចំនួន ពេលខ្លះអ្វីដែលគ្រូចិន (Li Jun) ជាគ្រូធំមាន ខាងគ្រូខ្មែរ ឬគ្រូគុយបា អត់មាន ហើយរឿងខ្លះអ្វី ដែលគ្រូគុយបា មានគ្រូចិន ឬគ្រូខ្មែរអត់មាន ហើយអ្វី ដែលគ្រូទាំង២អត់មាន តែគ្រូខ្មែរមាន។ ដូច្នេះហើយយើងជឿជាក់ថា សមត្ថភាពគ្រូទាំង៣ ដាក់បញ្ជូលគ្នា យើងជឿជាក់ថា ចន្លោះប្រហោង របស់កីឡាករយើង មើលឃើញកាន់តែតូចៗ ទៅហើយ ព្រោះថា ចំណុចខ្វះខាតបានបំពាក់បំប៉នបន្ថែម ។ អីចឹងរយៈពេល៨ ឬ ៩ខែចុងក្រោយនេះ ខ្ញុំជឿជាក់ថាលោកគ្រូៗ អាចពង្រឹកគុណផលកីឡាករ បានដូចអ្វី ដែលថ្នាក់ដឹកនាំសហព័ន្ធយើងចង់បាន» ។

ក្រៅពីនាំយកគ្រូបង្វឹកមកពីប្រទេសគុយបា សហព័ន្ធកីឡាបាល់ទះកម្ពុជា កំពុងតែទាក់ទង តាមរយៈលោកជំទាវ ឯកអគ្គរាជទូតគុយបា ឱ្យមានការរៀបចំការប្រកួតមិត្តភាព រវាងក្រុមមកពីគុយបា ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ផងដែរ នៅអំឡុង ខែតុលា ខាងមុខ ពោលគឺស្របពេល នឹងការរៀបចំពានរង្វាន់បាល់ទះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បន្ថែមពីលើការប្រកួត មិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិ សិង្ហបុរី ផងដែរ៕

Most Popular

To Top