កីឡា

នេះ​ហើយ​ជា​ហេតុ​ផល ​ដែល​ Ten Hag មិន​ដាក់ Ronaldo លេង​ទល់​នឹង City

លោក Erik ten Hag បាន​និយាយ​ថា លោក​ដាក់​ឲ្យ​ Cristiano Ronaldo អង្គុយ​នៅ​កៅអី​បម្រុង​ អំឡុង​ពេល Manchester United ចាញ់ Manchester City ៦-៣ គឺ​ដោយ​សារ​ការ​គោរព ។

Ronaldo វ័យ​៣៧​ឆ្នាំ ​មិន​ត្រូវ​ដាក់​ឲ្យ​លេង ​​​ជា​លើក​ដំបូង ​ក្នុង​រដូវ​កាល​នេះ ​ក្នុង​នាម​ជា​កីឡាករ​បម្រុង ដោយ​ City បាន​លត់ United យ៉ាង​ដំណំ​ក្នុង​កីឡដ្ឋាន Etihad។ ត្បិត​តែ​អំឡុង​ពេល ​ប្រកួត​បិសាច​ក្រហម ​មាន​ការ​​ផ្លាស់​ប្ដូរ​​កីឡាករ ​ដល់​ទៅ​៦​រូប ប៉ុន្តែ​មិន​មាន​វត្តមាន ​របស់​ម្ចាស់​ពាន Ballon d’Or ៥​សម័យ​ឡើយ ។

សាកសួរ​ ហេតុអ្វី​ Ronaldo មិន​​លេង​​ក្នុង​ប្រកួត​​ជាមួយ City? Ten Hag បាន​បញ្ជាក់​ថា លោក​មិន​ចង់​ឲ្យ​​មាន​ការ​ប្រមាថ​ដល់ Ronaldo ដោយ​ឲ្យ​គេ​ចូល​លេង​ក្នុង​ពេល​ដែល​ United ត្រូវ​​ City នាំ​មុខ ៤-០ ទៅ​ហើយ​នោះ។ ​

ផ្ទុយ​ពី​​គំនិត​របស់​លោក Ten Hag អតីត​ប្រធាន​ក្រុម​របស់ United លោក Roy Keane មើល​ឃើញ​ថា​ ក្លិប​កំពុង​មិន​គោរព​ដល់ Ronaldo ហើយ​មែនទែន​ទៅ​គួរ​តែ​ឲ្យ​គេ​ចាកចេញ​ ​កាល​ពី​ទីផ្សារ​ដោះដូរ​កន្លង​ទៅ៕

Most Popular

To Top