កីឡា

លោកសែម សុខា ៖ ការប្រកួតធ្វើឡើង ដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើអើង និងផ្តល់ ឱកាសអត្តពលិកបញ្ញាខ្សោយ ចូលរួមសកម្មភាព ក្នុងសង្គម តាមរយៈវិស័យកីឡា

ភ្នំពេញ ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាង លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអ្នកតំណាងខេត្ត និងអង្គការនានា ចំនួន១៥នាក់ នាថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិក ថ្នាក់ជាតិ ឆ្នាំ ២០២២ និងកម្មវិធីអប់រំសុខភាពអាណាព្យបាលនៅភ្នំពេញ ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បាននិយាយថា ការប្រកួតកីឡា ស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ និងកម្មវិធីអប់រំ សុខភាព អាណាព្យបាល ក្នុងគោលបំណង ផ្តល់ឱកាសឱ្យកីឡាករ-កីឡាការិនីរាជធានី ខេត្តបានជួបជុំគ្នា ប្រកួតប្រជែងកីឡា ប៊ូល បាល់ទាត់ អត្តពលកម្ម ដើម្បីចែករម្លែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ-កីឡាការិនី បញ្ញាខ្សោយ ជាពិសេស គឺលោកវេជ្ជបណ្ឌិត នឹង ធ្វើការណែនាំ អប់រំពីរបៀបតំហែទាំសុខភាព ក្នុងការរស់នៅប្រចាំថ្ងៃ របស់អាណាព្យាបាល និងប្អូនៗក្មួយៗកីឡាករ កីឡាការិនី បញ្ញខ្សោយផងដែរ ។

លោកបានបន្តថា ការប្រកួតមាន៩រាជធានី ខេត្តរួមមានខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ និងអង្គការដើម្បីភាពញញឹមនៃកុមារលើ ៣ វិញ្ញាសាដូចជាកីឡា អត្តពលកម្មចម្ងាយ ៥០ ម៉ែត្រ បុរស-នារី ចម្ងាយ១០០ ម៉ែត្របុរស-នារី និងចម្ងាយ២០០ ម៉ែត្រ បុរស-នារី កីឡាបាល់ទាត់ បុរស ៥ នាក់ម្ខាង និង កីឡាប៊ូល ១ នាក់ទល់ ១នាក់ និង ២ នាក់ទល់ ២នាក់ ។

លោក សែម សុខា បានមានប្រសាសន៍ថា ការប្រកួតមិនមែន ដើម្បីជ័យជម្នះតែម្យ៉ាងនោះទេ គឺ ដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើអើង និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គម តាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់ អូឡាំពិកក្នុងតំបន់ និងពិភពលោក និងភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធជនពិការ ក្នុងនោះវិស័យកីឡាជនពិការ ក៏ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញ លើកស្ទួយឥតឈប់ឈរ ។

លោកបានបន្តថា ការប្រកួតនេះ ដើម្បីលើកកម្ពស់ស្ថេរភាព និងផ្តល់ឱកាសដល់ ក្រុមកីឡាករ-កីឡាការិនី មកពីតាមអនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត បានជុំគ្នា បង្កើនទំនាក់ទំនងពីគ្នា និងក្នុងបុព្វហេតុជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ប្រចាំឆ្នាំ និងត្រៀមលក្ខណៈចូលរួម ការប្រកួតលក្ខណៈអន្តរជាតិនានាផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះលោកអភិបាល នៃគណៈអភិបាលរាជធានីខេត្ត ក៏ដូចជាមន្រ្តី គ្រប់ជាន់ថ្នាក់ទាំងអស់ តែងតែចូលរួមយ៉ាងសកម្មលើគ្រប់វិស័យ ជាពិសេសវិស័យកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ។ ហើយក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មាតាបិតា អាណាព្យាបាលទាំងអស់ បានលះបង់ពេលវេលា មកចូលរួមដើម្បីលើកស្ទួយ វិស័យកីឡាស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ។

លោកអនុប្រធានបានបន្ថែមទៀតថា ម៉្យាងវិញទៀត ដើម្បីកំណត់អាទិភាពយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងវិស័យពិការភាព ដើម្បីធ្វើការបន្ស៊ី បញ្ជ្រាប និងដាក់បញ្ចូលបញ្ហា ពិការភាព ទៅក្នុងគ្រប់វិស័យ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពនៃយុទ្ធសាស្ត្រទាំងឡាយ ទាំងក្នុងក្របខណ្ឌគោល នយោបាយជាតិ គាំពារសង្គម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឬរបៀបវារៈឆ្នាំ ២០៣០ ក៏បានប្តេជ្ញាចិត្តថា «មិនមាននរណាម្នាក់ ត្រូវបានទុកចោល» ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព និងការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើង ជនមានពិការភាព ពិសេសការគិតគូអំពីការស្តារ កាយសម្បទា សតិបញ្ញា និងវិជ្ជាជីវៈ ព្រមទាំងធានាលទ្ធភាពក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាពគ្រប់ សកម្មភាពនានាក្នុងសង្គម ។

Most Popular

To Top