កីឡា

ថ្ងៃងងឹតសម្រាប់បាល់ទាត់ ៖ ប្រធាន FIFA សោកស្ដាយ ចំពោះសោកនាដកម្ម ពហុកីឡដ្ឋាន ឥណ្ឌូនេស៊ី

ហ្សាកាតា ៖ ប្រធាន FIFA លោក Gianni Infantino បានសម្តែងការសោកស្ដាយ ចំពោះសោកនាដកម្មបាល់ទាត់ ក្នុងប្រទេសឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Kanjuruhan នាទីក្រុង Malang ភាគខាងកើតកោះជ្វា ដែលបានបណ្តាលឲ្យមនុស្ស ១២៥ នាក់ស្លាប់ យោងតាមការចេញ ផ្សាយពីគេហទំព័រឌឺវីប៊ីស ។

លោក Infantino បានចូលរួមរម្លែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត បន្ទាប់ពីឧបទ្ទវហេតុដ៏សោកសៅនេះ។ លោកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាថ្ងៃដ៏ខ្មៅងងឹត សម្រាប់អ្នកទាំងអស់ ដែលពាក់ព័ន្ធក្នុងកីឡាបាល់ទាត់ និងសោកនាដកម្ម ហួសពីការយល់ឃើញ ។

លោកបានបន្តថា ពិភពបាល់ទាត់ស្ថិត ក្នុងស្ថានភាពតក់ស្លុត បន្ទាប់ពីឧប្បត្តិហេតុ សោកនាដកម្មបានកើតឡើងនៅចុងបញ្ចប់ នៃការប្រកួតរវាង Arema FC និង Persebaya Surabaya ។ រួមគ្នាជាមួយ FIFA និងសហគមន៍បាល់ទាត់ពិភពលោក រាល់គំនិត និងការអធិស្ឋានរបស់យើង គឺនៅជាមួយជនរងគ្រោះ អ្នកដែលរងរបួស រួមជាមួយប្រជាជន នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សហព័ន្ធបាល់ទាត់អាស៊ី សមាគមបាល់ទាត់ឥណ្ឌូនេស៊ី និង បាល់ទាត់ឥណ្ឌូនេស៊ី League នៅពេលដ៏លំបាកនេះ ។

ទន្ទឹមនឹងនេះដែរ សេចក្តីថ្លែងការណ៍មួយ ប៉ូលិសឥណ្ឌូនេស៊ីបាននិយាយថា ចំនួនអ្នកស្លាប់ ១២៥នាក់តែប៉ុណ្ណោះ បន្ទាប់ពីកាលប្រកាសមុនថា អ្នកស្លាប់មានចំនួន ១២៩នាក់នោះ។ របាយការណ៍ បាននិយាយថា ភាពខុសគ្នា នៃចំនួនជនរងគ្រោះបាន រាយការណ៍មុននេះ ដោយសារតែកំហុស ក្នុងការកត់ត្រាអ្នកស្លាប់ នៅមន្ទីរពេទ្យចំនួន ១០ ជាជនរងគ្រោះ៕

Most Popular

To Top