ខេត្តកណ្តាល ៖បន្ទាប់ពីឆ្លងកាត់ការប្រកួតចម្រាញ់អស់រយៈពេល២ថ្ងៃនៅទឹកដីខេត្តកណ្តាល នាទីលានកីឡាប៊ូល និងប៉េតង់នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលបានរកឃើញក្រុមជើងឯកទាំង៥វិញ្ញាសាហើយ សម្រាប់ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់តំបន់ឆ្នាំ២០២២ ។

លោក ម៉ម ប៊ូលី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាបានមានប្រសាសន៍ឲ្យដឹងថា ជើងឯកថ្នាក់តំបន់ឆ្នាំ២០២២ ខេត្តកណ្តាលធ្វើជាម្ចាស់ផ្ទះនេះ គឺជាយុទ្ធសាស្រ្តដែលរៀបចំដោយសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ក្នុងបំណងជម្រុញពន្លឿនតាមបណ្តា រាជធានី ខេត្ត តាមស្ថាប័ននិងក្រសួង ដើម្បីអភិវឌ្ឍវិស័យកីឡាប៉េតង់កាន់តែរីកចំរើន និងមានសក្តានុពល ផលិតបាននូវធនធានកីឡាករកីឡាការិនីល្អៗឆ្ពោះទៅរកការប្រកួតប្រកួតដោយគុណភាពលើឆាកអន្តរជាតិ នាពេលអនាគត។

លោកបានបន្តថា ការប្រកួតកីឡាប៊ូលនិងប៉េតង់ជើងឯកថ្នាក់តំបន់រៀបចំលើកទី១ ខេត្តកណ្តាលធ្វើជាម្ចាស់ផ្ទះនេះ តាមគម្រោងមានខេត្តដែលស្ថិតក្នុងតំបន់ជាមួយខេត្តកណ្តាលចំនួន៥ដូចជា៖ ខេត្តកំពង់ចាម ព្រៃវែង ត្បុងឃ្មុំ កណ្តាល និងស្វាយរៀងរាង ប៉ុន្តែដោយខេត្តស្វាយរៀងអវត្តមាន គឺនៅសល់តែ៤ខេត្តចូលរួមប៉ុណ្ណោះ គឺ ខេត្តកំពង់ចាម ព្រៃវែង ត្បុងឃ្មុំ និង ខេត្ត កណ្តាល ដោយធ្វើការប្រកួតលើ៥វិញ្ញាសា បុរសប្រកួត១ទល់១មិនគិតអាយុ នារី១ទល់១មិនគិតអាយុ បុរសអាយុក្រោម១៨ឆ្នាំចុះក្រោមប្រកួត១ទល់១ នារីក្រោមអាយុ១៨ឆ្នាំចុះប្រកួត១ទល់១ និងវិញ្ញាសាប្រកួតចំរុះបុរស១និងនារី១។

ចំពោះលទ្ធផលនៃការប្រកួតលើ៥វិញ្ញាសា បុរសប្រកួត១ទល់១មិនគិតអាយុ ចំណាត់លេខ១ បានទៅលើខេត្តកំពង់ចាម ចំណាត់ថ្នាក់លេខ២បានទៅលើខេត្តព្រៃវែង និង ចំណាត់លេខ៣បានទៅលើខេត្តកណ្តាល។ នារី១ទល់១មិនគិតអាយុ ចំណាត់លេខ១បានទៅលើខេត្តកណ្តាល ចំណាត់លេខ២បានទៅលើ ខេត្តព្រៃវែង និងចំណាត់លេខ៣បានទៅលើខេត្តកំពង់ចាម។

បុរសអាយុក្រោម១៨ឆ្នាំចុះក្រោម ចំណាត់លេខ១បានទៅលើខេត្តព្រៃវែង ចំណាត់លេខ២បានទៅលើខេត្តកំពង់ចាម និង ចំណាត់ថ្នាក់លេខ៣បានទៅលើ ខេត្តកណ្តាល។នារីក្រោមអាយុ១៨ឆ្នាំចុះ ចំណាត់លេខ១បានទៅលើខេត្តកំពង់ចាម ចំណាត់លេខ២បានទៅលើព្រៃវែង និងចំណាត់លេខ៣បានទៅលើខេត្តកណ្តាល។ និងវិញ្ញាសាប្រកួតចំរុះបុរស១និងនារី១ ចំណាត់លេខ១បានទៅលើកំពង់ចាម ចំណាត់លេខ២បានទៅលើខេត្តកណ្តាល និង ចំណាត់លេខ៣បានទៅលើខេត្តត្បូងឃ្មុំ៕
