ភ្នំពេញ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី និងអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា តំណាងប្រធានសហព័ន្ធនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅទីលានរបស់សហព័ន្ធ នៃពហុកីឡដ្ឋានជាតិអូឡាំពិក បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាករជម្រើសជាតិ វាយកូនបាល់កម្ពុជាមុនចេញទៅចូលរួម ព្រឹតិ្តការណ៍ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន។
លោក សុខ ចិន្តាសោភាបានមានប្រសាសន៍ថា ក្រោយពីលោកបានទស្សនា ការប្រកួតរបស់កីឡាករ Bun kenny សមាជិកក្រុមជម្រើសជាតិកម្ពុជាយើងឡើង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ M25 Futures, Hai Dang Cup 2022 នៅទីក្រុង Tay Ninh ប្រទេសវៀតណាម ធ្វើឲ្យរូបលោកកាន់តែចាប់អារម្មណ៍ ចំពោះប្រភេទកីឡាមួយនេះ។ លោកក៏បានទាក់ទងលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដើម្បីជួបសំណេះសំណាលជាមួយ ក្រុមកីឡាករជម្រើសជាតិ ព្រោះលោកដឹងថា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ក្រុមកីឡាករយើងនឹងចេញទៅ ប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន។
លោកបានបន្តថា ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន មានសារសំខាន់ណាស់ ដោយក្រុមកីឡាករយើងបានកាន់ទង់ជាតិកម្ពុជាលើកឆាកអន្តរជាតិនពេលប្រកួត ហើយក៏ជាការឈានជើងមួយទៀត អ្វីដែលសំខាន់នោះគឺឆ្នាំក្រោយនេះប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក៏បានមានប្រសាសន៍ថា រូបលោកតំណាងឲ្យប្រធានសហព័ន្ធថ្លែងអំណរគុណដល់៖លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី និងអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ដែលគាំទ្រ សហព័ន្ធជានិច្ចទំាងកម្លាំងកាយ កម្លាំងចិត្តដល់ក្រុមកីឡាករជម្រើសជាតិ វាយកូនបាល់កម្ពុជា ជាពិសេសការប្រកួតកីឡាវាយកូនបាល់ Davis Cupនៅប្រទេសបារ៉ែន៕ ដោយ៖លី ភីលព