បារ៉េន៖ ក្រុមកីឡាវាយកូនបាល់កម្ពុជាបានឡើងឈរនៅចំណាត់លេខ១ក្នុងពូលAនៃព្រឹត្តិការណ៍DAVIS គ្រុបទី៤ បន្ទាប់ពីប្រកួតទី៣របស់ខ្លួនយកឈ្នះលើក្រុមវាយកូនបាល់ប្រទេសទុកមេនីស្ថានក្នុងលទ្ធផល២ទល់១ នាទឹកដីប្រទេសបារ៉ែន កាលពីថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២២។ ខណៈដែលពូលBប្រទេសសង្ហបុរីឈរនៅចំណាត់លេខ១ក្នុងចំណោម៥ប្រទេស។
ក្រុមកីឡាវាយកូនបាល់កម្ពុជា ដែលជាក្រុមលេខ១ពូលAនឹងត្រូវជួបប្រកួតជាមួយក្រុមកីឡាវាយកូនបាល់ប្រទេសសង្ហបុរីលេខ១ពូលB វគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើង នៅថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២២ ។ រវាងក្រុមកំពូលតារាងទាំងពូលពីរពូលនេះ ក្រុមមួយណាឈ្នះនឹងដណ្តើមបានកៅអីឡើងទៅកាន់គ្រប់ទី៣នៅឆ្នាំ២០២៣ ។
ជុំវិញជំនួបចុងក្រោយកាត់សេចក្តីនៅថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ លោក ទេពរិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាប្រធានក្រុមដឹកនាំ បានបង្ហាញជំនឿចិត្តខ្ពស់ថា ក្រុមកម្ពុជានឹងធ្វើបានល្អដណ្តើមបានជ័យជំនះជូនកម្ពុជា ខណៈបេសកម្មមកកាន់ប្រទេសបារ៉ែននេះ ក្រុមកម្ពុជាបានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អទាំងកម្លាំងកាយនិងបច្ចេកទេស ដោយកីឡាករកម្ពុជាបានចេញប្រកួតនៅក្រៅប្រទេសជាញឹក ដើម្បីដកស្រង់បទពិសោធន៍ និងពង្រឹងអភិវឌ្ឍសមត្ថភាព ។
អគ្គលេខាធិការខាងលើ បានអះអាងទៀតថា បេសកម្មមកកាន់ប្រទេសបារ៉ែនលើកនេះ គឺការដណ្តើមកៅអីឡើងទៅកាន់គ្រប់ទី៣នៅឆ្នាំក្រោយ ប៉ុន្តែអ្វីដែលជាគោលធំបំផុតនោះ គឺ ការផ្តល់ពិសោធន៍ជូនកីឡាករកម្ពុជាសម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ ដើម្បីសម្រួចសមត្ថភាពកីឡាករកម្ពុជា ប្រកួតដណ្តើមមេដាយមាសជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រុមវាយកូនបាល់កម្ពុជាអាចឡើងឈរនៅកំពូលតារាងពូលA គឺបានយកឈ្នះ៣ប្រទេស ដោយជំនួបទី១ យកឈ្នះក្រុមវាយកូនបាល់ប្រទេសប៊ូតានក្នុងលទ្ធ៣ទល់០ ជំនួបទី២យកឈ្នះក្រុមវាយកូនបាល់ប្រទេសម៉ុងហ្គោលី ក្នុងលទ្ធផល៣ទល់០ និងជំនួបទី៣ យកឈ្នះក្រុមវាយកូនបាល់ប្រទេសទុកមេនីស្ថានក្នុងលទ្ធផ២ទល់១។
សូមរំឡឹកដែរថា ប្រទេសសង្ហបុរី ដែលនឹងជួបប្រកួតជាមួយក្រុមកម្ពុជា នៅថ្ងៃទី២២ ខាងមុខនេះ ដើម្បីដណ្តើមកៅអីទៅកាន់គ្រប់៣ គឺធ្លាប់ជួបកម្ពុជាក្នុងព្រឹត្តិការណ៍DAVIS CUPនេះ ពុំធ្លាប់ឈ្នះកម្ពុជាឡើយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍DAVIS CUP គ្រប់ទី៤នេះ មាន៩ប្រទេសចូលរួមចែកចេញជាពីរពូល ពូលAមាន៤ប្រទេស ទុកមេនីស្ថាន ម៉ុងហ្គាលី ប៊ូតាន និងកម្ពុជា ខ ណៈ ពូ ល B មាន៥ប្រទេសដូចជា ប្រទេសបារ៉ែនម្ចាស់ផ្ទះ ប្រទេសកាំ ប្រទេសឡាវ គុយវេត និងប្រទេសសបង្ហបុរី៕