កីឡា

លោក វ៉ាត់ ចំរើន៖ មន្រ្តីវិនិឆ័យការប្រកួត ត្រូវយល់ដឹងពីច្បាប់ និងបទបញ្ជានៃការប្រកួត កីឡាប្រដាល់ឃីកបុកស៊ីង និងគោលការណ៍ក្រមសីលធម៌កីឡា

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់ ឃីកបុកស៊ីងកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានប្រកាសបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីង កម្រិតអន្តរជាតិជាផ្លូវការដែល មានរយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញដើម្បីត្រៀមចូលរួម ធ្វើអាជ្ញាកណ្តាល ចៅក្រមការប្រកួតកីឡាជាតិលើកទី៣ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។

ក្នុងឳកាសពិធីបើកវគ្គជាផ្លូវការ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំកីឡា SEA GAMES លោកគ្រូ Nasser Nassiri ប្រធានសហព័ន្ធប្រដាល់ ឃីកបុកស៊ីងអន្តរជាតិ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហេង សុខឃន ប្រធានសហព័ន្ធកីឡា ប្រដាល់ឃីកបុកស៊ីងកម្ពុជា។

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ ឃីកបុកស៊ីងកម្ពុជាបាននិយាយថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីង កម្រិតអន្តរជាតិមានរយៈពេល ៥ថ្ងៃ ចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចំនួន ៤៨នាក់ ដើម្បីត្រៀមចូលរួមធ្វើអាជ្ញាកណ្តាល ចៅក្រមការប្រកួតកីឡាជាតិលើកទី៣ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា។

លោកបន្តថា ធ្វើឡើងដើម្បីឲ្យសិក្ខាកាមអនុវត្តឲ្យ មានប្រសិទ្ធភាពខ្ពស់ស្របតាម គោលបំណងតម្រង់ទិស ពង្រឹងពង្រីកគុណភាព និងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសប្រដាល់ឃីកបុកស៊ីង កម្រិតស្តង់ដារត្រឹមត្រូវតាមបទដ្ឋានជាតិ និងអន្តរជាតិពិតប្រាកដ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា សូមវាយតម្លៃខ្ពស់វគ្គនេះ ដែលមានសិក្ខាកាមជានារី ព្រោះចរនាកីឡាត្រូវឲ្យមាននារីចូលរួម ៣០ ភាគរយគ្រប់កន្លែងទាំងអស់ បើគ្មាននារីយើងមិនគោរពគោលការណ៍អន្តរជាតិ ហើយថ្ងៃនេះលោកបានឃើញ ស្រីចូលរួមចរនាកីឡារបស់យើង ហើយយើងត្រូវប្រើគោលការណ៍ រួមចរនាកីឡាអូឡាំពិក។ មូលដ្ឋានកីឡាគុនខ្មែរដែលធ្វើឲ្យ កីឡាប្រដាល់ឃីកបុកស៊ីង អាចប្រមូលផ្តុំមនុស្សបានលឿន ចំពោះប្រដាល់ឃីកបុកស៊ីង ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES នៅប្រទេសហ្វីលីពីនកន្លង។

លោកបានបន្តថា គិតមកដល់ពេលនេះយើងមានសហព័ន្ធ កីឡាករ និងមន្ត្រីបច្ចេកទេសដើម្បី ជួយការដឹកនាំឲ្យរលូន នៅពេលយើងធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ហើយអ្វីដែលសំខាន់នាពេលនេះ គឺការសិក្សារៀនសូត្រពីច្បាប់អន្តរជាតិ និងស្តង់ដារប្រដាល់ឃីកបុកស៊ីង ដូច្នេះសិក្ខាកាមទំាងអស់ត្រូវចាប់ ឲ្យបាននូវចំណេះដឹងទំាងនេះ។ សិក្ខាកាមទំាងអស់ត្រូវចងចាំថា ជាមន្រ្តីវិនិឆ័យការប្រកួត ហើយមន្រ្តីវិនិឆ័យការប្រកួត មានតួនាទី២ត្រូវអនុវត្ត គឺទី១ត្រូវយល់ដឹងពីច្បាប់ និងបទបញ្ជានៃការប្រកួត កីឡាប្រដាល់ឃីកបុកស៊ីង និងត្រូវមានការសិក្សា និងគោលការណ៍ក្រមសីលធម៌កីឡា ៕

Most Popular

To Top