ម្ចាស់ជើងឯក៥សម័យកាល ប្រេស៊ីល ជាក្រុមដែលឈ្នះពានរង្វាន់កីឡាបាល់ទាត់ពិភពលោកនេះ ច្រើនជាងគេ បានកៅអីទៅកាន់ការប្រកួតដណ្តើមពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅកាតារ ដោយស្ថិតនៅក្នុងពូល G ត្រូវជួបជាមួយ ស្វីស កាមេរូន និងស៊ែប៊ី។

អ្នកចាត់ការទូទៅ៖ លោក Tite (ប្រេស៊ីល)
ការប្រែប្រួលរបស់ក្រុមជម្រើសជាតិប្រេស៊ីលចាប់តាំងពីការឡើងកាន់កាប់ដោយលោក Tite កាលពីខែខែមិថុនាឆ្នាំ ២០១៦ មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ គឺក្រុមសាំបានេះនៅតែខ្លាំង។ នៅក្នុងការប្រកួតវគ្គជម្រុះនៅតំបន់អាមេរិកឡាទីន អតីតអ្នកចាត់ការ Corinthians វ័យ៦១ឆ្នាំ បានជួយប្រេស៊ីលឈ្នះ១៤ប្រកួត ស្មើ៣ និងមិនធ្លាប់ចាញ់សោះ ដើម្បីក្លាយជាក្រុមដែលមានវត្តមានសឹងគ្រប់ព្រឹត្តិការណ៍ World Cup ទាំង២៣លើក។

កីឡាករឆ្នើម៖ Neymar
ជ័យលាភីពានរង្វាន់កីឡាបាល់ទាត់ FIFA Confederations Cup និងម្ចាស់មេដាយមាសអូឡាំពិក Neymar នឹងបង្ហាញខ្លួនជាលើកទី៣ របស់គេនៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនៅទឹកដីកាតារ។
តារាឆ្នើម និងជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេលើលោករបស់ Paris Saint-Germain នេះធ្លាប់ឈ្នះពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០១៥ ម្តងដែរ កាលស្នាក់នៅជាមួយ Barcelona ប៉ុន្តែមិនទាន់ឈ្នះពាន Copa America និង World Cup ជាមួយប្រេស៊ីលនៅឡើយទេ។

ប្រវត្តិក្នុង World Cup៖
នេះជាវត្តមានលើកទី ២២ហើយ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលនៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ដែលមានន័យថាប្រទេសនេះអាក់ខានចូលរួមតែមួយលើកប៉ុណ្ណោះចាប់តាំងពីការបង្កើតពាននេះឡើងនៅឆ្នាំ១៩៣០មក។ លទ្ធផលល្អបំផុតដែលពួកគេទទួលបានគឺលើកបាន World Cup រហូតដល់ទៅ៥លើក ក្នុងឆ្នាំ១៩៥៨, ១៩៦២ ,១៩៧០, ១៩៩៤ និង២០០២។ ក្រៅពីនេះក្រុមរហស្សនាមសាំបាធ្លាប់រងជើងឯក២លើក និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១១ដងផងដែរ។ ប្រេស៊ីល ឈរនៅចំណាត់ថ្នាក់ទី១ពិភពលោក ក្នុងតារាង FIFA Ranking នាពេលបច្ចុប្បន្ន៕ Source: Sabay
