ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡា ជឺជីតស៊ូកម្រិតមូលដា្ឋន របស់សហព័ន្ធកីឡាជីជីតស៊ូកម្ពុជា បានបញ្ចប់ជាផ្លូវការហើយ នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដើម្បីត្រៀមខ្លួនក្នុងដំណើរឆ្ពោះទៅការអភិវឌ្ឍធនធានមនុស្ស ការប្រកួតជាតិ និងអន្តរជាតិនានា ។
លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បាននិយាយថា សិក្ខាកាមទាំងអស់ត្រូវបន្តការខិតខំ អភិវឌ្ឍសមត្ថភាពដើម្បីត្រៀមចូលរួម ដឹកនាំការប្រកួតកីឡាជាតិលើកទី៣ និង SEA GAMES 2023 ឆ្នាំ២០២៣ ក្រោយពេលកម្ពុជា បានរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ អ្នកពាក់ព័ន្ធក្នុងវិស័យកីឡាជឺជីតស៊ូកម្ពុជា នឹងចាប់ដៃគ្នាប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមសមិទ្ធផលជូនជាតិ។
លោក សៀន សុភក្ត្រ អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បាននិយាយថា ជឺជីតស៊ូ គឺជាប្រភេទកីឡាមានសក្តានុពលខ្ពស់ ក្នុងការដណ្ដើមមេដាយកម្រិតអន្តរជាតិ ជាពិសេសសហព័ន្ធមានកញ្ញា ខាន់ ជេសា ដែលជាកីឡាការិនីឆ្នើម ធ្លាប់ដណ្ដើមបានមេដាយជាច្រើនជូនជាតិ។ ចំពោះការអភិវឌ្ឍបច្ចេកទេស និងធនធានមនុស្ស នាពេលនេះ គឺដើម្បីសម្រួចគោលដៅ ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣។
លោកបានបន្តថា វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាជឺជីតស៊ូ មានសិក្ខាកាមចូលរួមចំនួន៤៩នាក់ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ៖លី ភីលីព