ភ្នំពេញ៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នាយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់បេសសកម្ម នៃព្រឹត្តិការណ៍ ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅទីក្រុង Isa Town ប្រទេសបារ៉ែន ដោយនាំយកភាពជោគជ័យឲ្យកម្ពុជា។
លោក ជា ពៅ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា តាំងនាមឲ្យថ្នាក់ដឹកនាំសហព័ន្ធ និងរូបលោកមានមោទនភាពជាខ្លាំង ចំពោះភាពជោគជ័យរបស់ក្រុមកីឡាវាយកូនបាល់កម្ពុជា ទទួលបានជ័យលាភីលេខ១ នៃព្រឹត្តិការណ៍វាយកូនបាល់កម្រិតពិភពលោកឆ្នាំនេះ ហើយលោកជឿជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ នៅកម្ពុជា យើងអាចនឹងទទួលបានមេដាយណាមួយ ជូនជាតិទៀតផង។
លោកបន្ដថា ការប្រកួត Davis Cup ឆ្នាំនេះទោះបីប្រកួតខ្លះ កម្ពុជាឈ្នះដាច់ ៣-០ ហើយប្រកួតឈ្នះត្រឹម ២-១ តែគ្រប់ប្រកួតទាំងអស់ សុទ្ធតែតានដឹង និងលំបាក សម្រាប់កីឡាករកម្ពុជា មិនថាវិញ្ញាសាឯកត្តជន ឬវាយគូឡើយ ទោះបីយើងខ្លាំងកម្រិតណា ក៏យើងមិនអាចធ្វេសប្រហែល ហើយរឹតតែមិនអាចមើលស្រាល គូប្រកួតបានឡើយ។ ផ្ទុយទៅវិញ ពួកយើង ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករទាំងអស់ បានខិតខំប្រឹងប្រែងខ្លាំង អស់ពីកម្លាំងកាយចិត្ត ទើបយើងអាចសម្រេចផ្លែផ្កាល្អ ប្រសើរបែបនេះ។
លោកបានបន្ថែមថា ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ រយៈពេលជិត ១សប្ដាហ៍កន្លងមក ខ្ញុំពិតជាកោតសរសើរ ចំពោះកីឡាករ គ្រូបង្វឹក និងប្រតិភូដឹកនាំទាំងអស់ ដែលបានយកចិត្តទុកដាក់ សហការ សាមគ្គីគ្នាបានល្អ តាំងពីការរៀបចំអាហារហូបចុក ដល់កីឡាករ ដើម្បីប្រកួតប្រជែងដណ្ដើមជ័យជម្នះ គ្រប់ការប្រកួតក្នុង Davis Cup Group IV ឆ្នាំនេះ៕ ដោយ៖លី ភីលីព