កីឡា

កម្មកររាប់ពាន់នាក់ ត្រូវបណ្តេញចេញពីរដ្ឋធានីកាតា មុនការប្រកួតបាល់ទាត់ពិភពលោក “World Cup”

ដូហា៖ កម្មករត្រូវបានបណ្តេញចេញពីផ្ទះ របស់ពួកគេបានប្រាប់ឲ្យដឹងថា ថា ប្រទេសកាតាបានបិទផ្ទះល្វែងសម្រាប់ជួលកម្មករបរទេសរាប់ពាន់នាក់នៅកណ្តាលរដ្ឋធានីដូហា ជាកន្លែងដែលអ្នកគាំទ្របាល់ទាត់ នឹងស្នាក់នៅក្នុងអំឡុងព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ World Cup យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

ពួកគេបានបន្តថា អគារជាច្រើនត្រូវបានជម្លៀស និងបិទដោយអាជ្ញាធរ ព្រមទំាងបង្ខំឲ្យកម្មករអាស៊ី និងអាហ្រ្វិកភាគច្រើនស្វែងរកជម្រកដែលពួកគេអាចធ្វើបាន រួមទាំងគ្រែដេកនៅលើចិញ្ចើមផ្លូវនៅខាងក្រៅផ្ទះមួយនៃអតីតផ្ទះរបស់ពួកគេ។ ការផ្លាស់ប្តូរនេះកើតឡើងតិចជាង ៤ សប្តាហ៍មុនពេលចាប់ផ្តើមនៅថ្ងៃទី ២០ ខែវិច្ឆិកានៃការប្រកួតបាល់ទាត់ពិភពលោក បានទាក់ទាញការត្រួតពិនិត្យជាអន្តរជាតិយ៉ាងខ្លាំង អំពីការព្យាបាលពលករបរទេស របស់ប្រទេសកាតា និងច្បាប់សង្គមដ៏តឹងរ៉ឹងរបស់ខ្លួន។

នៅអគារមួយដែលអ្នកស្រុកបាននិយាយថា មានប្រជាជនចំនួន ១,២00 នាក់នៅសង្កាត់ Al Mansoura នៃទីក្រុងដូហា អាជ្ញាធរបានប្រាប់ប្រជាជននៅម៉ោងប្រហែល ៨ យប់ថ្ងៃពុធថា ពួកគេមានរយៈពេលត្រឹមតែ ២ ម៉ោងដើម្បីចាកចេញ។ ពួកគេបានបន្ថែមថា មន្ត្រីក្រុងបានត្រឡប់មកវិញនៅម៉ោងប្រហែល ១០ និង ៣០ នាទីយប់ ដោយបានបង្ខំអ្នករាល់គ្នាចេញ ហើយបានចាក់សោទ្វារចូលអគារ។ បុរសខ្លះមិនអាចត្រលប់មកវិញទាន់ពេលដើម្បីប្រមូលរបស់របររបស់ពួកគេ។

បុរសម្នាក់បានប្រាប់នៅថ្ងៃបន្ទាប់ថា យើងមិនមានកន្លែងណាត្រូវទៅនោះទេ ខណៈលោករៀបចំគេងយប់ទី២ជាមួយបុរស១០នាក់ផ្សេងទៀត ដែលខ្លះគ្មានអាវក្នុងរដូវស្លឹកឈើជ្រុះ និងសំណើមនៃរដ្ឋឈូងសមុទ្រអារ៉ាប់។ លោក និងកម្មករភាគច្រើនផ្សេងទៀតនិយាយទៅកាន់សារព័ត៌មានបរទេសបានបដិសេធមិនប្រាប់ឈ្មោះ ឬព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់ពួកគេ ដោយសារខ្លាចមានការសងសឹកពីអាជ្ញាធរ ឬនិយោជក។

ពួកគេបានអះអាងថា នៅក្បែរនោះបុរស៥នាក់កំពុងផ្ទុកពូកមួយ និងទូរទឹកកកតូចមួយចូលទៅខាងក្រោយរថយន្តភីកអាប់។  ពួកគេបានរកឃើញបន្ទប់មួយនៅ Sumaysimah ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងដូហា ។

មន្ត្រីរដ្ឋាភិបាលកាតាម្នាក់បាននិយាយថា ការបណ្តេញចេញមិនទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោកទេ ហើយត្រូវបានរៀបចំឡើង ស្របតាមផែនការដ៏ទូលំទូលាយ និងយូរអង្វែងដែលកំពុងបន្តរៀបចំតំបន់នៃទីក្រុងដូហាឡើងវិញ៕ ដោយ៖លី ភីលីព

Most Popular

To Top