កីឡា

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យតែងតាំង ជាទីប្រឹក្សាជាន់ខ្ពស់ សហព័ន្ធកីឡាវាយសីកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅទីលានហ្វឹកហាត់សហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានតែងតាំងលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងពិធីប្រកាសបិទការប្រកួតកឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ និងបិទវគ្គបណ្តុះបណ្ដាលជំនាញទៅក្រុម អាជ្ញាកណ្ដាលថ្នាក់ជាតិជាផ្លូវការ។

លោកឧត្តមសេនីយ៍ឯក លី កុសលបានមានប្រសាសន៍ថា ថ្ងៃនេះសហព័ន្ធកីឡាវាយសីកម្ពុជា បានតែងតាំងលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ សហព័ន្ធកីឡាវាយសីកម្ពុជា និងទទួលស្គាល់សម្ព័ន្ធកីឡាវាយសី យុវជនខេត្តកណ្តាល ដើម្បីជួយអភិឌ្ឍប្រភេទកីឡាវាយសី នៅខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ តែងតែជួយឧបត្ថម្ភថវិកា រាល់ការប្រកួតកីឡាវាយសីនានា ដែលរៀបចំដោយសហព័ន្ធ នៅពេលលោកក៏បានឧបត្ថម្ភថវិកាចំនួន ៥លានរៀលដែរ។

លោកប្រធានបន្តថា ការប្រកួតបានបង្ហាញឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ និងការទំនុកបម្រុងរបស់ក្រសួងអប់រំ យុវជន និងកីឡាតាមរយៈវត្តមានមន្តី្រកីឡា តំណាងក្រសួងចាប់តាំងពីថ្ងៃបើកការប្រកួតដំបូង រហូតមកដល់ពេលនេះ និងការខិតខំបំពេញការងារ របស់មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតទាំងមូល រួមទាំងចៅក្រមអាជ្ញាកណ្តាលទាំងអស់ និងអ្នកគ្រូសញ្ជាតិម៉ាឡេស៊ី Yau Lin Na បានខិតខំប្រឹងប្រែងយកអស់ស្មារតី បំពេញភារកិច្ចប្រកបដោយជោគជ័យ គួរជាទីមោទនៈ។

បច្ចុប្បន្ននេះយើងបានបញ្ជូនក្រុម កីឡាករ កីឡាការិនីជម្រើសជាតិ ទៅហ្វឹកហាត់បង្កើន ជំនាញនៅសាធារណរដ្ឋប្រជាមានិតចិន ហើយចំពោះកីឡាករ កីឡាការិនីបម្រុង និងកីឡាករ កីឡាការិនីវ័យក្មេង កំពុងទទួលការហ្វឹកហាត់ ពីលោកគ្រូបង្វឹកChoi Seoung Kook ជនជាតិ កូរ៉េ ជាគ្រូជំនាញកម្រិតខ្ពស់ ហើយសិស្សរបស់គាត់ជា ច្រើននាក់បានជាប់កម្រឹត World Ranking ទៀតផង។

ខ្ញុំសូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការ ជួយឧបត្ថម្ភនិងលើកតម្កើងវិស័យកីឡា វាយសីពីសំណាក់ សប្បុរសជនផ្ទាល់ និងបណ្តាក្រុមហ៊ុន មានដូចជា លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ឧបត្ថម្ភថវិកាចំនួន ៥លានរៀល លោកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស ឧបត្ថម្ភទឹកសុទ្ធ៦០កេស ភេសជ្ជៈIZEចំនួន៦០កេស និងភេសជ្ជៈWURKS ចំនួន៦០កេស៕ ដោយ៖លី ភីលីព

Most Popular

To Top