កីឡា

World Cup ១៩៣៨ ៖ អ៊ីតាលីការពារជើងឯក បានសម្រេច​ ហើយឥណ្ឌូនេស៊ី ក្លាយជាក្រុមអាស៊ី ដំបូងលេង World Cup

ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ១៩៣៨ គឺជាការប្រកួតលើកទី៣ នៃពានរង្វាន់បាល់ទាត់ ពិភពលោក ហើយត្រូវបានប្រារព្ធឡើង នៅប្រទេសបារាំង ចាប់ពីថ្ងៃទី ០៤ ខែមិថុនា រហូតដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៣៨ ។

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានការពារជើងឯករបស់ខ្លួន នៅវគ្គផ្តាច់ព្រ័ត្រ ដោយបានយកឈ្នះ លើក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី ។ កំណត់ត្រាមួយដែលអ៊ីតាលី បានបង្កើតនាពេលនោះ គឺពួកគេបានក្លាយជាក្រុមតែមួយគត់ ក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះ World Cup ២ដងជាប់គ្នា ១៩៣៤ និង១៩៣៨ ក្រោមការដឹកនាំ របស់គ្រូបង្វឹកតែមួយរូបគឺលោក Vittorio Pozzo។ យ៉ាងណាក្រោយ World Cup នេះទៅ ការប្រកួត​បាល់ទាត់ពិភពលោក បានផ្អាកមួយរយៈធំរហូតដល់ឆ្នាំ ១៩៥០ ដោយសារតែការរំខាន នៃសង្គ្រាមលោកលើកទីពីរ។

ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន

បារាំងត្រូវបានជ្រើសរើស ជាប្រទេសម្ចាស់ផ្ទះដោយ FIFA នៅទីក្រុង ប៊ែកឡាំង នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ១៩៣៦។ ដោយបានយកឈ្នះបេក្ខភាព លើអាហ្សង់ទីន និងអាល្លឺម៉ង់ក្នុងការបោះឆ្នោត​ ។ យ៉ាងណាការសម្រេចចិត្តរៀបចំ ការប្រកួតជាលើកទីពីរជាប់ៗគ្នា នៅទ្វីបអឺរ៉ុប​បានបង្កឱ្យមានការខឹងសម្បារ នៅទ្វីបអាមេរិកខាងត្បូង ដែលជាកន្លែង ដែលគេជឿថា​ គួរតែឆ្លាស់គ្នារវាងទ្វីបទាំងពីរ។​

មានទីលានចំនួន ១១ នៅក្នុងទីក្រុងចំនួន ១០ ត្រូវបានជ្រើសយកធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ។ ក្នុងចំណោមកីឡដ្ឋានត្រៀមបម្រុងរៀបចំធ្វើជាម្ចាស់ផ្ទះ គឺមានតែកីឡដ្ឋាន Stade de Gerland ក្នុងទីក្រុង Lyon មួយប៉ុណ្ណោះដែលខកខានធ្វើតាមផែនការ ដោយសារតែការដកខ្លួនរបស់អូទ្រីស។

កីឡដ្ឋាន Stade Olympique de Colombes នៃទីក្រុងប៉ារីស, Stade Vélodrome នៃទីក្រុង Marseille, កីឡដ្ឋាន Parc des Princes នៃទីក្រុងប៉ារីស, Parc Lescure នៃទីក្រុង Bordeaux, កីឡដ្ឋាន Stade de la Meinau នៃទីក្រុង Strasbourg, Stade Municipal នៃទីក្រុង Le Havre, កីឡដ្ឋាន Vélodrome Municipal នៃទីក្រុង Reims, Stade du T.O.E.C. នៃទីក្រុង Toulouse, កីឡដ្ឋាន Stade Victor Boucquey នៃទីក្រុង Lille, Stade du Fort Carré នៃទីក្រុង Antibes សុទ្ធសឹងតែត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួត World Cup លើកដំបូងនៅបារាំងនេះ។

ក្រុមដែលចូលរួម

ដើមឡើយមានក្រុមចំនួន ​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រ World Cup នេះ ទោះជាយ៉ាង ណាក៏ដោយ នៅទីបញ្ចប់មានក្រុមចំនួន ១៥ ប៉ុណ្ណោះ បានចូលរួមបន្ទាប់ពីការដកខ្លួន របស់អូទ្រីសដោយសារតែកើតមានព្រឹត្តិការណ៍ មួយឈ្មោះ Anschluss គឺការបញ្ចូលរដ្ឋសហព័ន្ធអូទ្រីស ទៅជាមួយអាណាចក្រអាល្លឺម៉ង់ ។

ក្រុមជម្រើសជាតិទាំងនោះមានដូចជា៖ ប៊ែលហ្សិក, ប្រេស៊ីល, គុយបា, ឆេកូស្លូវ៉ាគី, ឥណ្ឌូនេស៊ី (រដ្ឋចំណុះហូឡង់នាគ្រានោះ) ជាក្រុមមកពីអាស៊ី ក៏ដូចជាអាស៊ានដំបូងបំផុតដែលលេង World Cup, ម្ចាស់ផ្ទះបារាំង, អាល្លឺម៉ង់, ហុងគ្រី, អ៊ីតាលី, ហូឡង់, ន័រវេស, ប៉ូឡូញ, រ៉ូម៉ានី, ស៊ុយអែត, ស្វីស។

វគ្គផ្ដាច់ព្រ័ត្រ

ក្រោយឈ្នះន័រវេសនៅវគ្គ១៦ក្រុម ២-១ ប្រទេសអ៊ីតាលី បានបន្តយកឈ្នះ បារាំងជាម្ចាស់ផ្ទះ ៣-១ នៅវគ្គ៨ក្រុម បន្ទាប់មកបានផ្ដួលជើងខ្លាំង ប្រេស៊ីល ២-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីឡើងទៅជួបក្រុម ជម្រើសជាតិហុងគ្រី។

នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិអ៊ីតាលី បានយកឈ្នះហុងគ្រីក្នុងលទ្ធផល ៤ ទល់នឹង ២​ ស៊ុតបញ្ចូលទីម្នាក់ ២គ្រាប់ដោយកីឡាករ Colaussi នៅនាទី ទី៦ និង៣៥ និង២គ្រាប់ទៀតដោយកីឡាករ Piola នៅនាទី ១៦ និង ៨២។ ២គ្រាប់របស់ហុងគ្រី រកបានដោយ Titkos នៅនាទី ៨ និង Sárosi នៅនាទី៧០។

កីឡាករលេចធ្លោ

កីឡាករដែលគេចាប់អារម្មណ៍ច្រើនសម្រាប់ World Cup ១៩៣៨នេះ គឺខ្សែប្រយុទ្ធ Leônidas da Silva ដែលឈ្នះស្បែកជើងមាស រកបាន​ ៨គ្រាប់សម្រាប់ World Cup។ ត្បិតថាលោកមិនអាចជួយប្រេស៊ីលឲ្យឈ្នះពាន តែក្រុមមកពីអាមេរិកខាងត្បូង ទទួលបានចំណាត់ថ្នាក់លេខ៣ ដែរសម្រាប់ការប្រកួត ។

Leônidas ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​សំខាន់​ បំផុត​ម្នាក់​ នាពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្ស​ទី​២០។ ខ្សែប្រយុទ្ធរូបនេះ លេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួត World Cup ១៩៣៤ និង ១៩៣៨។ Leônidas ត្រូវបានគេផ្ដល់រហស្សនាមថាជា “ពេជ្រខ្មៅ” និង “បុរសកៅស៊ូ” ដោយសារតែភាពរហ័ស រហួននៅលើទីលាន។

Leônidas គឺជាអ្នកកីឡាករម្នាក់ក្នុងចំណោមកីឡាករតិចតួចប៉ុណ្ណោះ កាលពីជិត១០០ឆ្នាំមុនដែលគេចាត់ទុកថា បានបង្កើតក្បាច់ ហ្ស៊ីហ្សូ​ “Bicycle kick” និយាយស្រួលស្ដាប់ គឺលោតទាត់បកក្រោយ ។ លោកបានចំណាយពេលសឹងមួយអាជីពលេងនៅក្លឹបធំៗ របស់ប្រេស៊ីលមាន Flamengo និង São Paulo និងធ្លាប់ចេញទៅលេងក្រៅប្រទេសម្ដងប៉ុណ្ណោះគឺនៅ Peñarol ក្នុងប្រទេសអ៊ុយរ៉ាហ្គាយ ដោយរកបាន ២៣០គ្រាប់ក្នុងមួយអាជីព៕

Most Popular

To Top