កីឡា

លោក ម៉ម សុថារិន្ទ៖​ សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ខិតខំជំរុញបំផុសឲ្យប្រជាជនកម្ពុជា បានស្គាល់ បានដឹង និងចេះលេងកីឡាឡើងភ្នំ

ខេត្តកំពត៖ លោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា លោក ណុប ណាប់ ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត និងលោក ទុយ ប៊ុនហឿន អនុប្រធាន នាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាឡើងភ្នំធម្មជាតិ កម្រិតមូលដ្ឋាន ឆ្នាំ២០២២ នៅកំពង់ត្រាច ខេត្តកំពត ដោយអនុវត្តផែនការសកម្មភាព របស់សហព័ន្ធកីឡាឡើងភ្នំឆ្នាំ២០២២ និងការផ្តល់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២២ និងដោយមានការសហការគាំទ្រ ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់ត្រាច និងការចូលរួមរបស់សិក្ខាកាមទាំងអស់។

លោក ម៉ម សុថារិន្ទបានមានប្រសាសន៍ថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀត របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា លើការអភិវឌ្ឍធនធានមនុស្សផ្នែកគ្រូបង្វឹក ដើម្បីទៅបង្ហាត់ដល់កីឡាករ-កីឡាការិនីប្រកបដោយប្រសិទ្ធិភាព ពីព្រោះប្រភេទកីឡាឡើងភ្នំធម្មជាតិ គឺជាផ្នែកមួយស្ថិនៅក្រោមសហព័ន្ធកីឡាឡើងភ្នំ ហើយកីឡានេះមានការពេញនិយម នៅបរទេសទាំងអាស៊ី និងនៅអឺរ៉ុប។ ដើម្បីចូលរួមសកម្មភាព នៅក្នុងតំបន់ និងនៅលើពិភពលោក សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ខិតខំជំរុញបំផុសឲ្យប្រជាជនកម្ពុជា បានស្គាល់បានដឹង និងចេះលេងកីឡាមួយនេះ ព្រោះប្រទេសកម្ពុជា យើងជាប្រទេសមួយសំបូរទៅដោយភ្នំធម្មជាតិ មានលក្ខណៈល្អសម្រាប់បម្រើឲ្យ វិស័យកីឡាឡើងភ្នំធម្មជាតិ ជាពិសេសភ្នំកំពង់ត្រាចយើងនេះ តាមរយៈការចុះពិនិត្យផ្ទាល់ របស់មន្ត្រីជំនាញលោក Maman Hermansyah ជាប្រធានទទួលបន្ទុកបច្ចេកទេស SEACF កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ គាត់បានបញ្ជាក់ថា ភ្នំកំពង់ត្រាចមានលក្ខណៈល្អ អាចឲ្យយើងរៀបចំព្រឹត្តិការណ៍ កីឡាឡើងភ្នំជាលក្ខណៈអន្តរជាតិបាន។

លោកបានបន្តថា ដោយមើឃើញពីសក្តានុពល នៃភ្នំកំពង់ត្រាចនេះ សហព័ន្ធកីឡាឡើងភ្នំកម្ពុជា សម្រេចជ្រើសរើសរៀបចំវគ្គគ្រូបង្វឹកកីឡាលើងភ្នំធម្មជាតិនេះ ជាលើកដំបូងនៅកម្ពុជា ក្នុងគោលបំណងជំរុញឲ្យប្រជាជន ដែលនៅជិតតំបន់ភ្នំកំពង់ត្រាចនេះ បានប្រើប្រាស់ភ្នំ បានលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព កាត់បន្ថយសេវាសុខាភិបាល និងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នាំចំណូលដល់ប្រជាជន នៅក្នុងមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមជម្រាបជូនផងដែរថា សហព័ន្ធកីឡាឡើងភ្នំអាស៊ីអាគ្នេយ៍ មានបំណងចង់ឱ្យ ប្រទេសដែលជាសមាជិក និងសហព័ន្ធកីឡាឡើងភ្នំអន្តរជាតិគាំទ្រ ឱ្យសហព័ន្ធកីឡាឡើងភ្នំកម្ពុជាយើង ទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ប៉ុន្តែពិនិត្យមើលទៅឃើញថា យើងពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើជាម្ចាស់ផ្ទះនេះទេ។ ការធ្វើជាម្ចាស់ផ្ទះយើងត្រូវផ្តោតលើលទ្ធផល រំពឹងទុកសំខាន់ៗ ៤គឺទី១ ត្រូវមានកីឡាករល្អៗចូលរួមប្រកួត អាចទទួលបានមេដាយ ទី២ មានគណៈកម្មការបច្ចេកទេសកម្រិតអន្តរជាតិ ចូលរួមដឹកនាំការប្រកួតជាមួយគណៈកម្មការ មកពីអន្តរជាតិ ទី៣ ត្រូវមានជញ្ជាំងលក្ខណៈតង់ដាអន្តរជាតិ សម្រាប់រៀបចំ និងទី៤ សង្ឃឹមថារូបភាពជាម្ចាស់ផ្ទះ ចេញមកល្អ មានការកោតសរសើរ។

ដោយហេតុនេះហើយសហព័ន្ធសម្រេច មិនទាន់ទទួលធ្វើជាម្ចាស់ផ្ទះទេ សម្រាប់ឆ្នាំ២០២៣នេះប៉ុន្តែទោះជាយ៉ាងនេះក្តី សហព័ន្ធនៅតែខិតខំបន្តទៀត ដូចជាបណ្តុះបណ្តាលគ្រូបង្វឹក កីឡាករ មន្ត្រីបច្ចេកទេស ដើម្បីចូលរួមប្រកួត ជាលក្ខណៈអន្តរជាតិនានា។ នៅក្នុងឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីបញ្ចប់វគ្គនេះទៅ ត្រូវខិតខំសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀត ដើម្បីចូលរួមបំផុសយុវជនកម្ពុជា ឱ្យងាកមកស្រឡាញ់ចូលចិត្តលេងកីឡា ឃ្លាតឆ្ងាយពីអំពើអបាយមុខផ្សេងៗ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ខាងមុខ គឺយុទ្ធាការចលនា កីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត បរិស្ថានស្អាតបដិសណ្ឋាកិច្ចល្អ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ និងឥទ្ធិពលថ្នាំញៀន៕ ដោយ៖លី ភីលីព

Most Popular

To Top