តារាសំណាង ខ្សែបម្រើ Andres Iniesta គឺជាអ្នកទាត់បញ្ចូលទីនៅម៉ោងបន្ថែម ជួយជម្រើសជាតិអេស្ប៉ាញ យកឈ្នះហុល្លង់ ១-០ លើកពានរង្វាន់ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន កាលពីឆ្នាំ២០១០។ នៅឆ្នាំនោះអាហ្រ្វិកខាងត្បូង គឺជាប្រទេសក្នុងទ្វីបអាហ្រ្វិកទីមួយដែលបានរៀបចំ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
សហព័ន្ធ

ក្នុងវគ្គជម្រុះក្នុងតំបន់អឺរ៉ុប (UEFA) ដើម្បីបានកៅអីទៅលេង World Cup ក្នុងប្រទេសកាតា ក្រុមខ្លាំងអេស្ប៉ាញពិតជាធ្វើបានល្អ ដោយបញ្ចប់នៅចំណាត់ថ្នាក់កំពូលតារាងពូល B។ ឆ្លងកាត់៨ប្រកួត ពួកគេឈ្នះ៦ ស្មើ១និងចាញ់១ប្រកួតមាន១៩ពិន្ទុលើក្រុមលេខពីរស៊ុយអែត៤ពិន្ទុ។ លទ្ធផលនេះបានជួយឲ្យអេស្ប៉ាញបានឡើងមកលេងនៅ World Cup ជាលើកទី១៦។

ប្រវត្តិក្នុង World Cup

អេស្ប៉ាញចូលលេង World Cup ដំបូងក្នុងឆ្នាំ១៩៣៤ ដែលពេលនោះប្រទេសអ៊ីតាលីធ្វើជាម្ចាស់ផ្ទះ ហើយពួកគេឡើងដល់វគ្គ៨ក្រុមចុងក្រោយ។ ពួកគេត្រូវរងចាំរហូងដល់ឆ្នាំ២០១០ ទើបស្គាល់រសជាតិលើពាន World Cup ក្រោយប្រកួតយ៉ាងតានតឹងនៅវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមរួមទ្វីបហុល្លង់។
អេស្ប៉ាញធ្លាប់ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះម្ដងកាលពីឆ្នាំ១៩៨២ ប៉ុន្តែពួកគេធ្វើមិនសូវបានល្អឡើយ ដោយធ្លាក់នៅវគ្គសន្សំពិន្ទុលើកទីពីរ។ (បញ្ជាក់ថា៖ អំឡុងឆ្នាំខាងលើមានវគ្គសន្សំពិន្ទុក្នុងពូលដល់ទី២ជុំ)។
កីឡាករសំខាន់

ជាប្រធានក្រុមបច្ចុប្បន្ននិងចាស់ទុំជាងគេនៅក្នុងក្រុម ខ្សែការពារ Sergio Busquets នឹងដើរតួជាកីឡាករសំខាន់ក្នុងជម្រើសជាតិអេស្ប៉ាញ។ កីឡាករវ័យ៣៤ឆ្នាំកំពុងឈរលេខ៣ក្នុងនាមជាកីឡាករបង្ហាញខ្លួនបានច្រើនជាងគេក្នុងជម្រើសជាតិ១៣៩ប្រកួត និងទាត់បញ្ចូលទី២គ្រាប់។
កីឡាកររូបនេះមានបទពិសោធន៍និងសមិទ្ធផលច្រើនជាមួយអេស្ប៉ាញ ដោយធ្លាប់ជួយក្រុមឈ្នះពាន Euro ម្ដងដង(២០១២) និង World Cup ម្ដង (២០១០)។
ឯកសណ្ឋាន

អាវជម្រើសជាតិអេស្ប៉ាញត្រូវបានផលិតដោយក្រុមហ៊ុនសំលៀកបំពាក់ Adidas។ អាវក្នុងដីមានករាងអក្សរ V ពណ៌ក្រហមឆ្អិនឆ្អៅ លាយឆ្នូតនិងឡូហ្គោក្រុមពណ៌លឿងដូចទៅនឹងពណ៌ទង់ជាតិរបស់ពួកគេ។ ឯអាវក្រៅដីមានពណ៌ខៀវខ្ចី និងឆ្នូតក្រហមនិងលឿងលើស្មាអាវ៕ Source: Sabay
