កីឡា

​កាតា​ ​ជា​ប្រទេស​អាស៊ី​ទី​២ ​ទទួល​បាន​សិទ្ធិ ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup

កាតា​ បាន​ក្លាយ​ជា​ប្រទេស​ ក្នុង​តំបន់​អាស៊ី​ទី​ពីរ ​ទទួល​បាន​សិទ្ធិ ​រៀបចំ​ព្រឹត្តិការណ៍ World Cup បន្ទាប់​ពី​ជប៉ុន ​និង​កូរ៉េខាងត្បូង ​ធ្លាប់​សហការ​គ្នា ​ម្ដង​កាល​ពី​ឆ្នាំ​២០០២។ ហើយ​នេះ​ក៏​ជា​លើក​ដំបូង​ ដែល World Cup ធ្វើ​ក្នុង​ទឹក​​ដី​នៃ​ពិភព​អារ៉ាប់​ ដែល​នឹង​ត្រៀម​ប្រកួត​ចាប់​​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ២០២២តទៅ ។

សហព័ន្ធ

មិន​ចាំបាច់​​ប្រកួត​ជម្រុះ ​ដូច​ប្រទេស​ផ្សេង​ៗ ​​ក្នុង​តំបន់​អាស៊ី​ឡើយ (AFC) ឡើយ កាតា​​ទទួល​បាន​កៅអី​ឡើង ​មក​លេង​ World Cup ដោយ​ស្វ័យប្រវត្តិ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ។ ពួក​គេ​បាន​ស្ថិត​នៅ​ពូល A រួម​ជាមួយ​អេក្វាឌ័រ សេណេហ្គាល់​និង​ហុល្លង់ ។ ពួក​គេ​​ត្រូវ​ប្រកួត​បើក​ឆាក​​ដំបូង​បំផុត ​ទល់​នឹង​អេក្វាឌ័រ​នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ក្នុង​កីឡដ្ឋាន Al Bayt Stadium ។

ប្រវត្តិ​ក្នុង​ World Cup

១៩៧៨ គឺ​ជា​ឆ្នាំ​ ​ដែល​កាតា​ចូលរួម​ប្រកួត​ជម្រុះ World Cup ​ដំបូង​​បំផុត ។ យ៉ាងណាមិញ បន្ទាប់​ពី​ធ្លាប់​​ចូលរួម​ប្រកួត​ជម្រុះ​១១ ​ព្រឹត្តិការណ៍​កន្លង​ទៅ​ កាតា​មិន​ដែល​បាន​ឡើង​មក​លេង​ នៅ​ជុំ​​ចុងក្រោយ​នោះទេ។ ២០២២​គឺ​ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​​ ដែល​កាតា​បាន​ឡើង​មក​លេង​នៅ World Cup ជុំ​ចុងក្រោយ ក្រោយ​ទទួល​បាន​កៅអី​ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ។

កីឡាករ​សំខាន់

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Al-Sadd កីឡាករ Hassan Al-Haydos គឺ​ជា​ប្រធាន​ក្រុម ​និង​ជា​កីឡាករ​ដ៏​សំខាន់ ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កាតា។ បច្ចុប្បន្ន​រូប​គេ​​​ជា​កីឡាករ​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ បាន​ច្រើន​​ជាង​គេ​បំផុត​១៦៩​ប្រកួត រក​បាន​៣៦​គ្រាប់ ។

ស្នាដៃ​ក្នុង​ក្រុម​ជម្រើស​ជាតិ​​ កីឡាករ​វ័យ​៣១​ឆ្នាំ ​ធ្លាប់​ជួយ​​កាតា​ឈ្នះ​ពាន AFC Asian Cup ម្ដង​ឆ្នាំ​២០១៩ ពេល​នោះ​ឈ្នះ​ជប៉ុន ៣-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​ឈ្នះ​ពាន Gulf Cup of Nations កាល​​ពី​ឆ្នាំ​២០១៤ ។

ឯកសណ្ឋាន

អាវ​របស់​កាតា ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Nike ដោយ​អាវ​ក្នុង​ដី​មាន​​ពណ៌​ក្រម​​ក្រមៅ​ ឡូហ្គោ​របស់​ក្រុម​ជម្រើស​ជាតិ ​ដាក់​ចំកណ្ដាល ហើយ​ដៃ​អាវ​មាន​រូប​បន្លា​ស្រួច​យក​លំនាំ ​តាម​ទល់​ជាតិ​របស់​ពួក​គេ ។ ចំណែក​អាវ​ក្រៅ​ដី​ មាន​ពណ៌​ស​​ឡូហ្គោ​ ក្រុម​ត្រូវ​បាន​ប្ដូរ​មក​ខាង​ឆ្វេង​វិញ ៕

Most Popular

To Top