កីឡា

លោក ប៉ែន វុទ្ធី ៖ វគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស – អាជ្ញាកណ្ដាល – ចៅក្រម កីឡាវ៉ូស៊ូ ធ្វើឡើង ដើម្បីការកើនឡើង ទាំងបរិមាណ និងគុណភាព

ភ្នំពេញ៖លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួម នាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងកញ្ញា ព្រាប ម៉ូនីកា អនុប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា បានអញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស-អាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូស៊ូ ជាផ្លូវការនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំ នាយកដ្ឋានអប់រំកាយ និងកីឡាមានរយៈពេល៩ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានពហុកីឡដ្ឋានជាតិ ដែលរៀបចំដោយ សហព័ន្ធកីឡាវូស៊ូកម្ពុជា ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវូស៊ូកម្ពុជា បាននិយាយថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស-អាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូស៊ូ ថ្ងៃទី ១០ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានពហុកីឡដ្ឋានជាតិ ដោយមន្ត្រីកីឡា ចូលរួមសរុប ចំនួន៤៤ នាក់ គិតទាំងគ្រូឧទ្ទេស និងសិក្ខាកាម ដោយអនុវត្តន៍ តាមកិច្ចព្រមព្រៀង ស្តីពីការអនុវត្តន៍ថវិកា គាំទ្ររបស់ក្រសួង អប់រំ យុវជន និងកីឡា ឆ្នាំ២០២២ សម្រាប់ពន្លឿន ការអភិវឌ្ឍន៍ សហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួមការ ប្រកួតកីឡា SEA GAMES លើកទី ៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ ។

លោកអគ្គបានបន្តថា សហព័ន្ធកីឡាវស៊ូកម្ពុជា បានរៀបចំបើកវគ្គបណ្តុះ បណ្ដាលលមន្ត្រីបច្ចេកទេស- អាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូស៊ូ បង្កើនចំណេះដឹងបន្ថែមទៀត ។ សិក្ខាកាមបានមកពីបណ្តាក្លិបនានា ក្នុងសហព័ន្ធដោយផ្តោតលើការសិក្សា បច្ចេកទេសវិញ្ញាសាថាវលូ ( សម្ដែង ) និងវិញ្ញាសា សាន់ដា ( ប្រយុទ្ធ ) ឲ្យមាការកើនឡើង ទាំងបរិមាណ និងគុណភាពពីកម្រិត មូលដ្ឋាន មកជាកម្រិតជាតិ ហើយនិងឈាន ទៅកាន់កម្រិតអន្តរជាតិ ថែមទៀតផង ។

លោក ប៉ែន វុទ្ធី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស-អាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូស៊ូធ្វើឡើង ដើម្បីការកើនឡើងទាំងបរិមាណ និងគុណភាពពីកម្រិតមូលដ្ឋាន មកជាកម្រិតជាតិ និងឈានទៅកាន់កម្រិតអន្តរជាតិថែមទៀតផង ។ ពិសេសបង្កើន សមត្ថភាពអាចចូលរួម ព្រឹត្តិការណ៍ប្រកួត ជាលក្ខណៈអន្តរជាតិ និងព្រឹត្តិការប្រកួតកីឡា SEA GAMES លើកទី ៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាយើងទៀតផង៕

Most Popular

To Top