ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីកីឡាប៉េតង់កម្ពុជា ដណ្តើមមេដាយមាស ២គ្រឿង និងមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសាវាយយកពិន្ទុ ១នាក់ទល់១នាក់ (បុរស នារី និងយុវជន)នៃព្រឹតិ្តការណ៍ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ ឆ្នាំ២០២២នៅទីក្រុងបាងកក ប្រទេសថៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ម្ចាស់មេដាយមាសដំបូងរបស់កម្ពុជាគឺកីឡាករកម្ពុជា អ៊ុត ដួងខែ លើប្រភេទវិញ្ញាសា វាយយកពិន្ទុអាយុក្រោម១៨ឆ្នាំនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ដួងខែ ឈ្នះវៀតណាម Tran Hoang Phucដោយលទ្ធផល ៣៣-១៣ នៅជុំទី១ កម្ពុជានាំមុខ ១២-៨ រ៉ូប៊ីទី២ កម្ពុជាបន្តនាំមុខ ៥-៣ បន្តនាំមុខនៅរ៉ូប៊ីនទី៣ ពង្ស ៩-២ និងរ៉ូប៊ីនទី៤ កម្ពុជា បញ្ចប់ដោយលទ្ធផល ៧-០។ ម្ចាស់មេដាយប្រាក់វៀតណាម Tran Hoang Phuc និងម្ចាស់មេដាយសំរិទ្ធបានលើម៉ាឡេស៊ី និងម្ចាស់ផ្ទះថៃ។
ម្ចាស់មេដាយមាសទី២របស់កម្ពុជាគឺកីឡាករកម្ពុជា ថោង ឈឿង លើប្រភេទវិញ្ញាសា វាយយកពិន្ទុបុរសនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស កីឡាករថោង ឈឿង ឈ្នះម្ចាស់ផ្ទះថៃ ដោយលទ្ធផល ៥៧-៥៣ ។ ម្ចាស់មេដាយប្រាក់ម្ចាស់ផ្ទះថៃ និងម្ចាស់មេដាយសំរិទ្ធបានលើជប៉ុន និងBruner។
កីឡាការិនីកម្ពុជា អ៊ុន ស្រីយ៉ា ទទួលបានមេដាយប្រាក់ ក្រោយពីចាញ់កីឡាការិនីវៀតណាម THACH THIANHLAN ម្ចាស់មេដាយមាស ដោយលទ្ធផល ២៦-១៥។ ចំណែកមេដាយ សំរឹទ្ធបានទៅកីឡាការិនីម្ចាស់ផ្ទះថៃ THONGRI THAMAKORD និងមេដាយសំរឹទ្ធស្ទួនបានទៅកីឡាការិនីម៉ាឡេស៊ី NUR AIN SYUHADA។
សម្រាប់ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ មាន ៦ វិញ្ញាសាដូចជា ៣ នាក់ទល់ ៣ នាក់ (បុរស នារី និងយុវជន) និងវាយយកពិន្ទុ ១នាក់ទល់១នាក់ (បុរស នារី និងយុវជន)។ គណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីប៉ូល និងប៉េតង់កម្ពុជាចំនួន ២៧ នាក់គឺលោក ស៊ុម សុជាតិ ប្រធានប្រតិភូ កញ្ញា គីន សំណាង អនុប្រធានប្រតិភូ លោក ហៀន ថាវិរៈ លេខាធិការដ្ឋាន។
ចំពោះក្រុមបុរស៖ លោក អ៊ឹម ផាត គ្រូបង្វឹក កីឡាករ សៅ សុភារ៉ាន់ កីឡាករ យឹម សុភ័ណ្ឌ កីឡាករ ថោង ឈឿន កីឡាករ តិប នរ៉ា កីឡាករ ហេង ស៊ូមៀន កីឡាករ ស៊ីន វង់ លោក ញ៉ែម បូរ៉ា និងកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា។ ក្រុមនារី៖លោកគ្រូ សុខ ម៉ុង កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ឃួន យ៉ារី កីឡាការិនី អ៊ុក ស្រីមុំ និង កីឡាការិនី អ៊ុ ដាវីន។
ចំណែកក្រុមយុវជន៖លោកគ្រូ អ៊ុក យ៉ារី អ្នកគ្រូ ជុំ ច័ន្ទថុល កីឡាករ ម៉ុង វិរៈបុត្រ កីឡាករ អ៊ុត ដួងខែ កីឡាករ នន់ រ៉ាវីន កីឡាករ ជា ហេងឧត្តមរស្មី កីឡាការិនី ហាក់ ស្រីនុត កីឡាករ ភាព ផាឃិន កីឡាករ អ៊ុត សុខជា និងកីឡាករ នូច សុខេមរៈ។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើការជួបសំណេះសំណាល និងផ្ដល់ថវិកាលើកទឹកចិត្ត ជូនដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីក្នុងមួយម្នាក់១០០ដុល្លារអាមេរិក ៕ ដោយ៖លី ភីលីព


