ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាបានអញ្ជើញ ទទួលស្វាគមន៍គណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីប៉ូល និងប៉េតង់កម្ពុជាចំនួន ២៧ នាក់ ដណ្តើមមេដាយ៧គ្រឿង និងពានចំនួន៨ នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាប៉េតង់ ជើងឯកអាស៊ីលើកទី៤ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោក សុខ សូកាន បានមានប្រសាសន៍ថា លទ្ធផល ដែលទទួលបានពីការ ប្រកួតកីឡាប៉េតង់ ជើងឯកអាស៊ីលើកទី៤ គឺជាការខិតខំប្រឹង ប្រែង របស់កីឡាករ-កីឡាការិនីប៉ូល និងប៉េតង់កម្ពុជា ដោយពួកគាត់ធ្វើការហ្វឹកហាត់ យ៉ាងសកម្មរៀងរាល់ថ្ងៃ ទើបទទួលបានលទ្ធផលបែបនេះ ។ ការប្រកួតខាងលើកនេះ កម្ពុជាឈរលេខ១ កំពូលតារាង ខណៈម្ចាស់ផ្ទះថៃ ទទួលបានចំណាត់លេខ២ និងប្រទេសវៀតណាម ទទួលបានចំណាត់លេខ៣ ។
ម្ចាស់មេដាយមាសដំបូង របស់កម្ពុជា គឺកីឡាករកម្ពុជា អ៊ុត ដួងខែ លើប្រភេទវិញ្ញាសា វាយយកពិន្ទុអាយុក្រោម១៨ឆ្នាំ ម្ចាស់មេដាយមាសទី២ កីឡាករកម្ពុជា ថោង ឈឿង លើប្រភេទវិញ្ញាសា វាយយកពិន្ទុបុរស និងម្ចាស់មេដាយមាសទី២ លើវិញ្ញាសា បុរស ៣នាក់ ទល់ ៣នាក់ គឺ កីឡាករ ថោងឈឿន កីឡាករ យឹម សុភ័ណ្ឌ កីឡាករ សៅ សុភារ៉ាន់ និងកីឡាករ តិប នរ៉ា ។

ចំណែកកីឡាការិនីកម្ពុជា អ៊ុន ស្រីយ៉ា ទទួលបានមេដាយប្រាក់ លើវាយយកពន្ទុ និងមេដាយប្រាក់មួយទៀត លើវិញ្ញាសា នារី ៣នាក់ទល់៣នាក់ រួមមានកីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី អ៊ុ ដាវីន ។
រីឯមេដាយសំរិទ្ធ២វិញ ៖ មេដាយសំរិទ្ធលើវិញ្ញាសា បុរស ៣នាក់ទល់ ៣នាក់ ៖ កីឡាករ ហេង ស៊ូមៀន
កីឡាករ ស៊ីន វង់ កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងមេដាយសំរិទ្ធ១គ្រឿងទៀត លើវិញ្ញាសាយុវជន ៣នាក់ ទល់ ៣នាក់ អាយុក្រោម ១៨ឆ្នាំ ៖កីឡាករ ភាព ផាឃិន កីឡាករ អ៊ុត សុខជា កីឡាការិនី ហាក់ ស្រីនុត និងកីឡាករ នូច សុខេមរៈ។



