កីឡា

តារា​អាស៊ី​៣​នាក់ ​នឹង​អាច​កសាង​កេរ្តិ៏​ឈ្មោះ​ នៅ World Cup 2022

​ព្រឹត្តិការណ៍​ប្រកួត FIFA World Cup 2022 ​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ហើយ នៅ​ប្រទេស​កាតា ​និង​មាន​សមាជិក​ចូល​រួម ​ប្រកួត​៣២​ក្រុម​ឯ​ណោះ។

​ដោយ​នេះ​ជា​ការ​ប្រកួត World Cup ​ធ្វើ​ឡើង​នៅ​ទ្វីប​អាស៊ី ដូច្នេះ​ខាង​ក្រោម​នេះ ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​អាស៊ី​​ ចំនួន​៣​នាក់​ដែល​អ្នក​គាំទ្រ​គួរ​តែ​ចាប់​អារម្មណ៍​ខ្លាំង ​ហើយ​អាច​នឹង​កសាង​ភាព​ល្បីល្បាញ ​ឡើង​មក​អំឡុង​ការ​ប្រកួត​ផង​ដែរ។

១ Son Heung-Min (​កូរ៉េ​ខាង​ត្បូង​)

​Son Heung-Min ​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ ​និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។ ​កីឡាករ​វ័យ​៣០​ឆ្នាំ​នេះ ​ឆ្នាំ​មុន​ជា​ម្ចាស់​ស្បែក​ជើង​មាស​នៅ Premier League ​ផង ​ហើយ​ឆ្នាំ​នេះ​ក៏​នៅ​តែ​ជា​តួ​អង្គ​សំខាន់ ​ដូច​គ្នា​ឱ្យ​ក្រុម Spurs ​និង​មាន​វត្ដមាន​លេង World Cup 2022 ​នៅ​ប្រទេស​កាតា​ដែរ។ ​អ្នក​គាំទ្រ​រំពឹង​ថា​ខ្សែ​ប្រយុទ្ធ​ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ម្នាក់​នេះ ​អាច​នឹង​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​កូរ៉េ​បាន ​ហើយ​ជួយ​ក្រុម​ឡើង​ ឱ្យ​ផុត​វគ្គ​ចែក​ពូល​ផង​ដែរ។

​២ ​Takehiro Tomiyasu ​(ជប៉ុន​)

Takehiro Tomiyasu ​ជា​ខ្សែ​ការពារ​សំខាន់​ម្នាក់​របស់​ក្រុម Arsenal ​នា​រដូវ​កាល​នេះ។ ​គេ​ជា​តួ​អង្គ​សំខាន់​មែនទែន​ដែល​បាន​ជួយ​ក្រុម​របស់​លោក Mikel Arteta ​ឈរ​កំពូល​តារាង​នៅ Premier League ​បច្ចុប្បន្ន​នេះ។ ​នៅ​ជម្រើស​ជាតិ​ជប៉ុន វិញ គេ​ក៏​ជា​កីឡាករ​ឆ្នើម​ម្នាក់​និង​រនាង​ដ៏​រឹងម៉ាំ​ សម្រាប់​ក្រុម​ក្នុង​ការ​ប្រកួត​ផង​ដែរ។ ​Takehiro Tomiyasu ​នឹង​ចាប់​ដៃ​គូ​ជាមួយ Maya Yoshida ​នៅ​តំបន់​ការពារ​នៅ World Cup 2022 ​នេះ។

​៣ ​Mehdi Taremi ​(ជម្រើស​ជាតិ​អ៊ីរ៉ង់)

​World Cup 2018 ​ខ្សែ​ប្រយុទ្ធ Taremi ​លេង​នៅ​ក្លឹប​ក្នុង​ទ្វីប​អាស៊ី​នេះ​ទេ ប៉ុន្តែ​សម្រាប់ World Cup 2022 ​វិញ ​កីឡាករ​ជម្រើស​ជាតិ​អ៊ីរ៉ង់​រូប​នេះ​បាន​ផ្លាស់​ប្ដូរ​ខ្លាំង ​និង​ប្រកប​អាជីព​ នៅ​លីគ​អឺរ៉ុប​ទៅ​ហើយ។ បច្ចុប្បន្ន ​គេ​លេង​ឱ្យ​ក្រុម Porto ​ក្នុង​លីគ​ព័រទុយហ្គាល់ ​ហើយ​ក៏​បាន​ជួយ​ក្លឹប​ច្រើន​ផង​ដែរ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ដោយ​រក​បាន​៥​គ្រាប់​ហើយ​នា​រដូវ​កាល​នេះ។ ​គេ​ជា​កីឡាករ​សំខាន់​ជួយ Porto ​ឈ្នះ​លីគ ​និង​ពាន​រង្វាន់ Cup ​កាល​ពី​រដូវ​កាល​មុន​ផង​ដែរ៕ ​Source: Sabay

Most Popular

To Top