ប្រទេសកាតា នឹងធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ័ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២។
World Cup ជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ធំ ជាងគេបង្អស់ ដែលប្រកួតរៀងរាល់ ៤ឆ្នាំម្តង។ កាតា រំពឹងថានឹងអាចរកប្រាក់ប្រមាណជាង ១៧ពាន់លានដុល្លារអាមេរិក ពីការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត World Cup ឆ្នាំ២០២២នេះ។ ដំបូងឡើយប្រទេសនេះរំពឹងរកបានចំណូល ២០ពាន់ដុល្លារឯណោះ ប៉ុន្តែក្រោយមកតួលេខបានធ្លាក់មកនៅសល់ត្រឹម ១៧ពាន់លានដុល្លារវិញ។ មិនត្រឹមតែប្រទេសកាតាខ្លួនឯងផ្ទាល់នោះទេ ដែលទទួលបានផលប្រយោជន៍ ប៉ុន្តែប្រទេសនៅក្នុងតំបន់និងនៅជុំវិញនោះរួមមាន អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត អារ៉ាប់រួម និង បារ៉ែន ក៏នឹងទទួលបានផលប្រយោជន៍ដូចគ្នាផងដែរ។ ជាក់ស្តែង សណ្ឋាគារនៅក្នុងប្រទេសអារ៉ាប់រួម ត្រូវបានភ្ញៀវដែលមកចូលរួមទស្សនាព្រឹត្តិការណ័ World Cup ២០២២ កក់ស្ទើរអស់ទៅហើយ។
គួរឱ្យដឹងថា ប្រទេសរុស្សី ដែលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០១៨ ទទួលបានប្រាក់ចំណេញ ១៤ពាន់លានដុល្លារអាមេរិក ក្រោយការប្រកួតបានបញ្ចប់ និង ការធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោគ ២០២២ នឹងចាប់ផ្តើមប្រកួតនៅប្រទេសកាតា ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ៕ Source: Sabay