ភ្នំពេញ៖សហព័ន្ធកីឡាកីឡាកានូ និងរ៉ូអ៊ីងកម្ពុជាបានបញ្ជូនក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ចំនួន ៣៥រូបទៅចូលរួមការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកអាស៊ីលើកទី១៤ ឆ្នាំ២០២២ (14th Asian Dragon Boat Championships, Rayong – Pattaya, Thailand) ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
ការចូលរួមការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដើម្បីបង្កើនសមត្ថភាព និងត្រៀមលក្ខណៈចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ផ្ទះ ។ កម្ពុជាបានបញ្ជូនទៅ២ក្រុម គឺកីឡាការិនីមានចំនួន៦នាក់ និងគ្រូបង្វឹក២នាក់ក្នុងនោះគ្រូបង្វឹកជនជាតិជប៉ុន និងលោកគង់ សុភាព ។
ចំណែកក្រុមកីឡាករ២៤នាក់ និងគ្រូបង្វឹក១នាក់ សុទ្ធសឹងតែជាកីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិកម្ពុជាត្រូវត្រៀមខ្លួនព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកំពុងធ្វើការហ្វឹកហាត់នៅខេត្តកំពត។
មុនចេញទៅចូលរួមកាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ុន សុខ ប្រធាន មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ ក្រុមកីឡាករ កីឡាការិនី និងគ្រូបង្វឹក ប្រភេទកីឡាទូកកានូ និងរ៉ូអ៉ីងកំពុងធ្វើការហ្វឹកហាត់ដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុក សិទ្ធិជាតិ ក៏បានពាំនាំយក អំណោយ និងថវិកាមួយចំនួនរបស់ លោក ស សុខា និងលោកជំទាវ ជូនដល់ក្រុមកីឡាករ-កីឡាការិនី និងគ្រូបង្វឹក ប្រភេទកីឡាទូកកានូ និងរ៉ូអ៉ីង៕ដោយ៖លី ភីលីព