ភ្នំពេញ ៖ លោក ប៉ែន វុទ្ធី អនុប្រធាន ទទួលបន្ទុករួម នាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោក ម៉ែន ម៉ាលីន និងកញ្ញា ព្រាប ម៉ូនីកា អនុប្រធានសហព័ន្ធកីឡា វូស៊ូកម្ពុជា បានអញ្ជើញ ចូលរួមពិធី បើកវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស -អាជ្ញាកណ្ដាល -ចៅក្រមកីឡា វូស៊ូជាផ្លូវការ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានអប់រំ កាយនៅវិមានពហុកីឡដ្ឋានជាតិ រៀបចំដោយសហព័ន្ធកីឡា វូស៊ូកម្ពុជា ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវូស៊ូកម្ពុជា បាននិយាយថា វគ្គបណ្តុះបណ្តាល អាជ្ញា កណ្ដាល-ចៅក្រម និងមន្ត្រីបច្ចេកទេសកីឡា វ៉ូស៊ូកម្រិត១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡា រាជធានីភ្នំពេញ ក្នុងពហុកីឡដ្ឋាន ជាតិ រាជធានីភ្នំពេញ ។ សិក្ខាកាម ចំនួន ៣៦ នាក់ អញ្ជើញមកពីរាជធានី ខេត្ត បានមកចូលរួមក្នុងវគ្គនេះ ហើយសិក្ខាកាម ដោយអនុវត្តន៍ តាមកិច្ចព្រមព្រៀង ស្តីពីការអនុវត្តន៍ថវិកាគាំទ្រ របស់ក្រសួង អប់រំ យុវជន និងកីឡា ឆ្នាំ២០២២ សម្រាប់ពន្លឿន ការអភិវឌ្ឍន៍ស័ហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួមការ ប្រកួតកីឡា SEA GAMES លើកទី ៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ ។

លោក ប៉ែន វុទ្ធី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស -អាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូស៊ូធ្វើឡើង ដើម្បីការកើនឡើងទាំងបរិមាណ និងគុណភាពពីកម្រិតមូលដ្ឋាន មកជាកម្រិតជាតិ និងឈានទៅកាន់កម្រិតអន្តរជាតិថែមទៀតផង ។ ពិសេសបង្កើន សមត្ថភាពអាចចូលរួម ព្រឹត្តិការណ៍ប្រកួត ជាលក្ខណៈអន្តរជាតិ និងព្រឹត្តិការប្រកួតកីឡា SEA GAMES លើកទី ៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជាយើងទៀតផង ។

លោកបានបន្តថា សិក្ខាកាមដែលបានសិក្សាវគ្គនេះ នឹងទទួលបានចំណេះដឹង ដើម្បីអនុវត្តមានកម្រិតជាតិ និងអន្តរជាតិ ហើយអ្វីដែលសំខាន់ សហព័ន្ធកំពុងជំរុញការ ហ្វឹកហាត់កីឡាករ -កីឡាការិនីក្នុងការដណ្តើមមេដាយ នៃព្រឹត្តិការប្រកួតកីឡា SEA GAMES 2023 លើកទី ៣២ នៅកម្ពុជា ព្រមទំាងសហព័ន្ធដើរ តួជារៀបចំការប្រកួតកីឡា SEA GAMES 2023 ដូចជាមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ចៅក្រមសម្រាប់ការ កាត់ក្តីការប្រកួតពេលខាងមុខនេះ៕

