អង់គ្លេស ៖ នាយកប្រតិបត្តិរបស់ FA លោក Mark Bullingham បានប្រាប់គេហទំព័រ ស្គាយញ៉ូវថា ពួកគេត្រូវបានពិន័យ ជាប្រាក់សម្រាប់ ប្រធានក្រុមបាល់ទាត់ ជម្រើសជាតិអង់គ្លេស គឺកីឡាករ Harry Kane ដែលពាក់ខ្សែដៃ “One Love” ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ World Cup យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
បទសម្ភាសន៍មួយ នៅជំរុំហ្វឹកហាត់ របស់អង់គ្លេសក្នុងប្រទេសកាតា លោក Bulligham បានបង្ហាញថា FIFA មិនទាន់បានឆ្លើយតប រយៈពេល២ខែ បន្ទាប់ពីការស្នើសុំរបស់ FA ក្នុងការស្លៀកពាក់ ពហុពណ៌នោះទេ ។ ខណៈដែលមិនយោងដោយផ្ទាល់ ទៅលើច្បាប់ប្រឆាំង នឹងអ្នកស្រឡាញ់ភេទដូចគ្នា ខ្សែដៃមានគោលបំណង លើកកម្ពស់ការរួមបញ្ចូល ។
ជាធម្មតា FIFA ហាមឃាត់ការបន្ថែមពាក្យស្លោក ដែលគ្មានការអនុញ្ញាត ទៅឧបករណ៍ប្រើប្រាស់ ហើយថ្មីៗនេះ បានជំរុញក្រុមកុំឲ្យបណ្ដោយខ្លួន ក្នុងការផ្តល់មេរៀន សីលធម៌នៅ World Cup លើកដំបូងនៅមជ្ឈិមបូព៌ា ។ លោក Bullingham បានបន្តថា ពួកគេមិនបានផ្តល់ ឲ្យយើងនូវការឆ្លើយតបណាមួយ ចំពោះលិខិតរបស់យើងទេ ។
ខ្ញុំគិតថា មានលទ្ធភាពដែលយើងអាច នឹងត្រូវផាកពិន័យ ហើយប្រសិនបើយើងមែននោះ យើងនឹងបង់ប្រាក់ពិន័យ ។ យើងគិតថា វាពិតជាសំខាន់ណាស់ក្នុងការបង្ហាញ ពីតម្លៃរបស់យើង ហើយនោះជាអ្វីដែលយើង នឹងធ្វើ។ FA មានការធានាថា អ្នកគាំទ្រស្រលាញ់ភេទដូចគ្នា នឹងមានសុវត្ថិភាពក្នុងការមក និងមិនមានការរើសអើង ពីអាជ្ញាធរកាតា ។
លោក Bullingham បានបន្ថែមទៀតថា វាជារឿងសោកសៅ សម្រាប់ពួកយើងដែលអ្នកគាំទ្រ LGBTQ មួយចំនួនរបស់យើងបានសម្រេចចិត្តមិនមក ហើយខ្ញុំដឹងថាសមាជិក Three Lions Pride របស់យើងជាច្រើនមិនមក ។ ហើយនោះជាការខកចិត្ត ដោយសារតែពួកគេមិនបានទទួលព័ត៌មាន ដែលពួកគេចង់បានទាន់ពេលវេលា ដើម្បីធ្វើការរៀបចំរបស់ពួកគេ ។
ចក្រភពអង់គ្លេសនឹងបន្ត ប្រើប្រាស់វត្តមាន របស់ខ្លួននៅក្នុងប្រទេស កាតា ដើម្បីស្វែងរកសំណងបន្ថែមទៀត សម្រាប់ក្រុមគ្រួសារនៃកម្មករ ដែលមានប្រាក់ខែទាប និងមជ្ឈមណ្ឌលពលករ ចំណាកស្រុកអចិន្ត្រៃយ៍៕