ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការជំនាញ ស្តីពីការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា។
លោក ស សុខា បានមានប្រសាសន៍ថា តាំងនាមលោកផ្ទាល់ និងរដ្ឋមន្ត្រីក្រសួងអប់រំសូមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់សមាជិក និងសមាជិកាគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងសហព័ន្ធកីឡាជាតិ៣៨ប្រភេទកីឡា ព្រមទំាងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជាដែលបានកំពុងធ្វើការខ្នះខ្នែងខិតខំ បំពេញការងារ យ៉ាងសស្រាក់សស្រាំក្នុងការពន្លឿនវឌ្ឍនភាពការងារ និងត្រៀមខ្លួនរៀបចំការប្រកួតនាពេលខាងមុខនេះ។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្របគ្រង់ និងរៀបចំព្រឹត្តិការណ៍កីឡាបាននិយាយថា ព្រឹត្តិការ ណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នេះ ចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លើទីតាំង ៥ រាជធានី ខេត្ត ដូចជា រាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ។ ចំពោះប្រភេទកីឡាដាក់ឲ្យប្រកួតប្រជែង មាន ៣៨ ប្រភេទ ស្មើនឹង ៣៥៦ វិញ្ញាសា ។ ចំណែកប្រភេទកីឡាប៉ារ៉ាអូឡាំពិក ចំនួន ៧ មាន វិញ្ញាសា ចំនួន ៤៩ ។ ក្នុងនោះ ប្រតិភូកីឡា កីឡាករ-កីឡាការិនី អញ្ជើញចូលរួមចំនួន ៥.០៤៩ នាក់ មកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជធានី ខេត្ត ទាំង ២៥។
លោក អ៊ុក សិទ្ធិជាតិ មានប្រសាសន៍ថា ការប្រកួតនេះក្នុងគោលបំណង ផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់ បានដាក់មន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួចហើយ ដើម្បីអនុវត្តការរៀបចំប្រកួតជាក់ស្តែង លើទីលានប្រកួតទទួលបានចំណេះដឹង និងបទពិសោធន៍ កីឡាករ-កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួតរៀបចំទីលានប្រកួតឲ្យ ស្របតាមស្តង់ដារតំបន់៕