ភ្នំពេញ ៖ ព្រឹត្តការណ៍ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួង អប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធ កីឡាជាតិទំាង៣៨ និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រភេទកីឡាមួយចំនួន បានចាប់ផ្តើមការប្រកួតជាផ្លូវការ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្តាតចាស់ ពហុកីឡដ្ឋានជាតិមរតកតេជោ វិទ្យាស្ថានអប់រំកាយ និងកីឡា វិទ្យាល័យបឹងត្របែក បឹងកេងកង និងច្បារអំពៅ ។
ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន ៣៨ ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។
សម្រាប់ការប្រកួត នៅពហុកឡដ្ឋានជាតិអូឡាំពិកកម្ពុជា រួមមានកីឡាហែលទឹក កីឡាបាល់បោះ កីឡាបាល់ទះ កីឡាតេក្វាន់ដូ ITF កីឡាវាយកូនបាល់ កីឡាវូវីណាម កីឡាសីដក់ និងកីឡាយូដូ ។ កីឡាឃិតបុកស៊ីង នៅស្តាតចាស់ កីឡាជីជីតស៊ូ កីឡាបាល់ទាត់នៅវិទ្យាស្ថានអប់រំកាយ និងកីឡា និងកីឡាវាយកូនហ្គោល ចំណែក កីឡាចំបាប់ កីឡាហុងគីពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡាអ៊ុកចត្រង្គ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ចំពោះកីឡាហែលទឹក ប្រព្រឹត្តទៅចាប់ថ្ងៃទី ១៩-២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង៨ចូលរួមប្រកួតព្រឹត្តិការណ៍ដ៏ធំនេះរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តបាត់ដំបង ។
កីឡាតេក្វាន់ដូ ITF ប្រព្រឹត្តទៅចាប់ថ្ងៃទី១៩-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង១២ ចូលរួមរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តតាកែវ ។
កីឡាវូវីណាមប្រព្រឹត្តទៅចាប់ថ្ងៃទី១៩-២៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅអាគារប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រសួង រាជធានីខេត្តទាំង៨ ចូលរួមរួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ៕