កីឡា

បើកវគ្គការ បណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេស កីឡាលើកទម្ងន់អន្តរជាតិ លើកទី១ ជាផ្លូវការហើយ

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធ កីឡាលើកទម្ងន់កម្ពុជា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាលោក YONG JOO LIAW (Tom Liaw) សមាជិកប្រតិបត្តិសហព័ន្ធ កីឡាលើកទម្ងន់អន្តរជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់ អាស៊ីអាគ្នេយ៍ ព្រមទំាងសមាជិក ប្រតិបត្តិសហព័ន្ធ បានអញ្ជើញចូលរួមពិធី បើកសិក្ខាសាលា ស្តីពីការបណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេស អន្តរជាតិ លើកទី១ រាជធានីភ្នំពេញនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅហាងម្លប់ស្វាយ៩៩ ។

លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បាននិយាយថា ផ្អែកតាមផែនការ សកម្មភាពប្រចាំឆ្នាំ ២០២២ របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “ការបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស អន្តរជាតិ លើកទី១ក្នុងការដឹកនាំ និងគ្រប់គ្រង នៅគ្រប់ព្រឹត្តិការណ៍ការ ប្រកួតនានា ។ សិក្ខាសាលានេះ មានការគាំទ្រ យ៉ាងពេញទំហឹងជាថវិកាពី IWF និងCAMSOC ទើបសហព័ន្ធកីឡាលើក ទម្ងន់កម្ពុជា មានឪកាសដំណើរវគ្គនេះ មានរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែល មានសិក្ខាកាម សរុបចំនួន ២៥នាក់ ស្រី នាក់។គ្រូឧទ្ទេសវគ្គ នេះរួមមាន YONG JOO LIAW (Tom Liaw) សមាជិកប្រតិបត្តិសហព័ន្ធ កីឡាលើកទម្ងន់អន្តរជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់ អាស៊ីអាគ្នេយ៍ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលមន្ត្រី បច្ចេកទេសអន្តរជាតិក្នុងគោលបំណង ពង្រឹង សមត្ថភាពបច្ចេកទេស ជំនាញលើវិស័យកីឡាលើកទម្ងន់ ឲ្យបានច្បាស់លាស់ឈាន ឆ្ពោះទៅជាមន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអន្តរជាតិ ដែលមានលក្ខណ សម្បត្តិគ្រប់គ្រាន់ សម្រាប់ដឹកនាំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ តាមការអនុញ្ញាតរបស់ រាជរដ្ឋាភិបាលកម្ពុជា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ចូលរួមរៀបចំការ ប្រកួតកីឡាលើកទម្ងន់ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះជាការអនុវត្តជាក់ស្ដែង សម្រាប់មន្ត្រី បច្ចេកទេសរបស់យើងទាំងអស់គ្នា ។

លោកប្រធានបន្តថា លោកសូមអំពាវនាវក្នុងនាមគណៈគ្រប់គ្រងវត្ដ ខ្ញុំសូមសំណូមពរ ដោយទទូចដល់សិក្ខា កាមទាំងអស់យក ចិត្តទុកដាក់ស្តាប់ក្រេបយកចំណេះដឹង ជំនាញ និងស្វែងយល់ឲ្យបានស៊ីជម្រៅ ក្នុងនាមយើង ជាមន្ត្រីបច្ចេកទេស របស់ជាតិ ត្រូវមានគុណតម្លៃខ្ពស់៕

Most Popular

To Top