កីឡា

ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ប្រភេទកីឡាវាយកូនបាល់ បញ្ចប់ដោយជោគជ័យ

ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រភេទកីឡាវាយកូនបាល់ នៃព្រឹត្តការណ៍ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការ ជាមួយសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា និងគណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិកកម្ពុជា នៅទីលានសហព័ន្ធ នៃពហុកីឡដ្ឋានជាតិ អូឡាំពិកបានបិទ ជាផ្លូវការហើយ ។

ក្នុងឱកាសពិធីប្រកាសបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកស្រី ស៊ុំ សុខា អនុប្រធានសហព័ន្ធកីឡា វាយកូនបាល់តំណាង លោក ឧកញ្ញា សៀ ឬទ្ធី ប្រធាសហព័ន្ធ និង លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា និងអ្នកតំណាងអង្គភាពកីឡា ។

លោក ឡុង ជុំនិត មន្ត្រីសម្រួលសម្រលបាននិយាយថា អនុវត្តតាមកម្មវិធីប្រចាំ ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានគ្រប់គ្រង ព្រឹត្តការណ៏ សហការ ជាមួយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលើផ្នែកបច្ចេកទេស បានរៀបចំការប្រកួតកីឡា វាយកូនបាល់កីឡាជាតិលើកទី៣ ឆ្នាំ២០២២ បានចាប់ផ្តើមពីថ្ងៃទី១៩ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយត្រូវបញ្ចប់នៅថ្ងៃនេះ ទទួលបាននូវលទ្ធផល ល្អប្រសើរ ។

ការប្រកួតនេះ ប្រព្រឹត្តទៅបាន ដោយសារមានការ ឧបត្ថម្ភថវិកា គាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអនុគណៈកម្មមការ គ្រប់ផ្នែក បានបំពេញនិងទទួល ខុសត្រូវលើភារៈកិច្ចរបស់ខ្លួន និងដោយមានការសហការ រវាង គណៈកម្មការបច្ចេកទេស ប្រតិភូកីឡា កីឡាករ នឹងអនុវត្តបានត្រឹមត្រូវ តាមបទបញ្ហាបច្ចេកទេស ការប្រកួតទៅតាមលក្ខណៈស្តង់ដាជាតិ និងអន្តរជាតិ ដែលបានកំណត់។ វិញ្ញាសាប្រកួត រួមមាន ៤វិញ្ញាសា វាយឯកត្តជន ម្នាក់ទល់ម្នាក់បុរសវាយឯកត្តជន ម្នាក់ទល់ម្នាក់នារី វាយគូបុរស វាយគូរបុរស និងនារី និងមាន៧ រាជធានីខេត្តរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកោះកុង។
ក្រុមកីឡាករ-កីឡាការិនី ខេត្តសៀមរាប ដណ្តើមមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនី ក្រសួងការពារជាតិដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង៕

Most Popular

To Top