កីឡា

លោក លី កុសល៖​ លទ្ធផលពីការប្រកួតកីឡាជាតិ បង្ហាញពីភាពរីកចម្រើន នៃវិស័យកីឡាវាយសី នៅកម្ពុជា

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោកឧត្តមសេនីយ៍ឯក វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកពិសេស និងគណៈកម្មាធិការ នៃក្រុមប្រឹក្សាកីឡាកងយោធពល ខេមរភូមិន្ទ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ បានអញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការ នៃប្រភេទកីឡាវាយសី ឆ្នាំ២០២២ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ទីលានកីឡាវាយសីរបស់សហព័ន្ធ រាជធានីភ្នំពេញ។

លោក លី កុសល បានមានប្រសាសន៍ថា ឆ្លងតាមរបាយការណ៍ របស់គណៈកម្មការរៀបចំការប្រកួត បានបង្ហាញឲ្យឃើញច្បាស់ ពីការគាំទ្រយកចិត្តទុកដាក់ និងការទំនុកបំរុងដល់វិស័យកីឡាវាយសី ពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ តាមបណ្តាក្លឹបកីឡាវាយសី ដែលចូលរួមប្រកួតនៅទីនេះ និងការខិតខំបំពេញការងារ របស់មន្រ្តីសហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតទាំងមូល រួមទាំងចៅក្រម អាជ្ញាកណ្តាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់ស្មារតីបំពេញភារកិច្ច ប្រកបដោយជោគជ័យ។

អរគុណសន្តិភាព! ការជួបជុំក្រោមដំបូលសន្តិភាព នាពេលនេះដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសន៍ដ៏ឆ្នើម បាននាំមកនូវភាពសុខដុមរមនា គ្មានការភ័យបារម្ភ ធានាសិទ្ធិរស់នៅប្រកបដោយ ក្តីសប្បាយរីករាយ ទើបអាចអនុញ្ញាតឲ្យយើងមានកិច្ចសហការ រវាងស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំការប្រកួតនេះ ចេញជារូបរាងប្រកបដោយលទ្ធផលជាផ្លែផ្កា ជាមួយទឹកមុខស្រស់ស្រាយ និងវឌ្ឍនភាពថ្មីៗ ក្នុងដំណើរមួយៗជាក់លាក់ ឆ្ពោះទៅព្រឹត្តិការណ៍SEA GAMS ឆ្នាំ២០២៣។

លោកប្រធានបានបន្តថា នេះជាសកម្មភាពថ្មីមួយទៀត របស់សហព័ន្ធកីឡាវាយសីកម្ពុជា បានសហការល្អបង្កើតឲ្យមានកីឡាវាយសីជនពិការ ស្របតាមគោលការណ៍សហព័ន្ធកីឡាវាយសីអាស៊ី តម្រូវឲ្យប្រទេសនិមួយៗ ត្រូវគាំទ្របង្កើតកីឡាប្រភេទនេះ ឲ្យកាន់តែច្រើនថែមទៀត ហើយកម្ពុជាត្រៀមលក្ខណៈ សម្រាប់ SEA GAMS និងប៉ារ៉ាហ្គេមឆ្នាំ២០២៣។ លទ្ធផលទាំងនេះ បង្ហាញពីភាពរីកចម្រើន នៃវិស័យកីឡាវាយសី នៅកម្ពុជា ខ្ញុំសូមផ្តាំផ្ញើដល់ក្នួយៗ​ កីឡាករជ័យលាភី និងអ្នកមិនទាន់ដណ្តើមបានមេដៃក្តី សូមកុំបង្អង់ត្រូវដាក់ចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករមានសិទ្ធផលខ្ពស់ទាំងកីឡាករ គ្រូបង្វឹកនិងចៅក្រុមអាជ្ញាកណ្តាល ដើម្បីមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ រួមគ្នាសាងប្រវត្តិសាស្ត្រថ្មី ពេលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនិងប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងចូលរួមប្រកួតនានាផ្សេងទៀត ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ប្រកួតលើកនេះមានប្រតិភូកីឡាចូលរួមចំនួន១១ ស្នើនឹង១៤៩នាក់ រួមមានភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តមណ្ឌលគីរី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រៃវែង ខេត្តកណ្តាល និងក្រសួងមហាផ្ទៃ។ ការប្រកួតលើកនេះសហព័ន្ធបានបញ្ចូលវិញ្ញាសាកីឡាវាយសីជនពិការ មានកីឡាករ៤រូប និងកីឡាការិនីចំនួន៤រូប តំណាងរាជធានី-ខេត្តដូចជា រាជធានីភ្នំពេញ, ខេត្តកណ្តាល, សៀមរាប និងស្វាយរៀង៕ ដោយ៖លី ភីលីព

Most Popular

To Top