ភ្នំពេញ៖លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការនៃប្រភេទកីឡាវាយកូនឃ្លីលើតុ ឆ្នាំ២០២២ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ទីលានកីឡាវាយសីរបស់សហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនឃ្លីលើតុ បានមានប្រសាសន៍ថា ការប្រកួតការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលដំបូកទូកថ្មី នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការប្រកួត ៤ វិញ្ញាសារួមមានវិញ្ញាសា ឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាប្រកួតជាក្រុមបុរសក១ ។
លោកបានបន្តថា ការប្រកួតខាងលើកនេះ មានចំនួន៧រាជធានីខេត្ត ក្រសួង រួមមានក្រសួងមហាផ្ទៃ ខេត្តកំពង់ចាម ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យមានកីឡាករ-កីឡាការិនី ៣៩ នាក់ គណៈប្រតិភូ និងគ្រូបង្វឹក១៩នាក់ ហើយក៏មានការកីឡា វាយកូនឃ្លីលើតុជនពិការដែរ ដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា នេះជាសកម្មភាពថ្មីមួយទៀតរបស់សហព័ន្ធកីឡាវាយសីកម្ពុជាបានសហការល្អបង្កើតឲ្យមានកីឡាវាយកូនឃ្លីលើតុជនពិការតម្រូវឲ្យប្រទេសនីមួយៗត្រូវគាំទ្របង្កើតកីឡាប្រភេទនេះឲ្យកាន់តែច្រើនថែមទៀតហើយកម្ពុជាត្រៀមលក្ខណៈសម្រាប់ SEA GAMS និងប៉ារ៉ាហ្គេមឆ្នាំ២០២៣។ កីឡាករជ័យលាភី និងអ្នកមិនទាន់ដណ្តើមបានមេដៃក្តី សូមកុំបង្អង់ត្រូវដាក់ចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករមានសិទ្ធផលខ្ពស់ទាំងកីឡាករ គ្រូបង្វឹក និងចៅក្រុមអាជ្ញាកណ្តាល ដើម្បីមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ រួមគ្នាសាងប្រវត្តិសាស្ត្រថ្មី ពេលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA GAMES និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងចូលរួមប្រកួតនានាផ្សេងទៀត ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ៕ដោយ៖លី ភីលីព




