កីឡា

អ្នកចាំទី ក្រុមកាមេរូន លោក Onana ធ្វើដំណើរទៅផ្ទះវិញ បន្ទាប់ពីមានជម្លោះ នៅ World Cup

កាតា ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នកចាំទីសញ្ជាតិកាមេរូន លោក Andre Onana បានចាកចេញ ពីការប្រកួត បាល់ទាត់ពិភពលោក កាលពីថ្ងៃអង្គារ ហើយកំពុងធ្វើដំណើរទៅផ្ទះវិញ បន្ទាប់ពីត្រូវបានដកចេញ ពីក្រុមរបស់ប្រទេស សម្រាប់ហេតុផលវិន័យ ។

រូបថតត្រូវបានបង្ហោះ ដោយអ្នកកាសែតជនជាតិ កាមេរូន នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបង្ហាញពីអ្នកចាំទី Inter Milan នៅព្រលានយន្តហោះ ក្នុងទីក្រុងដូហា ហើយហៀប នឹងចាកចេញពីកាតា ។ អ្នកនាំពាក្យក្រុមកាមេរូន មិនបានឆ្លើយតបភ្លាមៗ ចំពោះការហៅទូរសព្ទ ដើម្បីស្វែងរកការអត្ថាធិប្បាយទេ ។
Onana ក៏បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារដែលសំដៅទៅលើជម្លោះ របស់លោកជាមួយគ្រូបង្វឹក សញ្ជាតិកាមេរូន Rigobert Song ជុំវិញកលល្បិចក្រុម ធ្វើឲ្យប្រកួតរបស់កាមេរូន៣-៣ស្មើ ជាមួយស៊ែប៊ីកាលពីថ្ងៃចន្ទ ហើយត្រូវបានព្យួរពីក្រុម ។ លោក Onana បាននិយាយថា លោកបានព្យាយាមដោះស្រាយបញ្ហា ។

លោកបានបន្តថា ខ្ញុំបានខិតខំប្រឹងប្រែង និងប្រើកម្លាំងទាំងអស់របស់ខ្ញុំ ក្នុងការស្វែងរកដំណោះស្រាយ ចំពោះស្ថានភាពដែលកីឡាករ បាល់ទាត់តែង តែជួបប្រទះ ប៉ុន្តែមិនមានឆន្ទៈពីភាគីម្ខាងទៀតឡើយ ពេលខ្លះគឺពិបាកក្នុងការរួមបញ្ចូលគ្នា ហើយលោកគោរព ការសម្រេចចិត្ត របស់អ្នកទទួលខុសត្រូវ។

លោក Onana បានលេងក្នុងការប្រកួតបើកឆាក របស់កាមេរូននៃការប្រកួត World Cup ចាញ់ស្វីស ១-០ ប៉ុន្តែត្រូវបានដកលោកសម្រាប់ការប្រកួតស៊ែប៊ី ហើយមិនបានធ្វើដំណើរជាមួយ ក្រុមដែលនៅសល់ទៅកាន់កីឡដ្ឋាន Al Janoub ។
កាមេរូនបានវាយបកពី ៣-១ តាមស្មើ ៣-៣ ដោយ គ្មានអ្នកចាំទីលេខ ១ របស់ខ្លួន។ លោក Song បាននិយាយថា វាជាការប្រថុយប្រថាន ក្នុងការលេងជាមួយអ្នកចាំទី បម្រុង Devis Epassy ប៉ុន្តែបានទទូចថា លោកត្រូវតែចាត់វិធានការយ៉ាងខ្លាំង ប្រឆាំងនឹង Onana មានអាយុ ២៦ ឆ្នាំ៕

Most Popular

To Top