ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ លោក កែវ រ៉េមី អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមពីពិធីអបអរសាទរ ការដាក់បញ្ជូលគុនល្បុក្កតោចុះក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

ក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ថា នេះគឺជាជោគជ័យប្រកបដោយ មោនកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែង យើងទាំងអស់គ្នា ក្នុងការការពារលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងការបាត់បង់។ «ជោគជ័យនេះគឺជាសក្ខីភាព បង្ហាញពីការស្រឡាញ់ ការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រឹងប្រែងសហការយ៉ាងជិតស្និទ្ធជាមួយ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងសាលាគុនលោកគ្រូព្រឹទ្ធាចារ្យ និងសិស្សគុនល្បុក្កតោទាំងអស់ តាមបណ្តារាជធានីខេត្ត ទូទាំងព្រះរាណាចក្រកម្ពុជា»។

ក្នុងឱកាសដ៏សប្បាយរីករាយនោះ លោកបណ្ឌិតសភាចារ្យ ក៏បានសម្តែងការសោកស្តាយ ចំពោះវត្តមានលោកគ្រូតាជាច្រើនរូប បានបាត់បងជីវិតជាបន្តបន្ទាប់។ ហើយនៅពេលនេះ ប្រសិនបើពួកគាត់នៅមានជីវិត មិនដឹងពួកគាត់សប្បាយចិត្តខ្លាំងប៉ុណ្ណានោះទេ។ យើងសប្បាយ១ ពួកគាត់សប្បាយ១០។ បើយើងសប្បាយ១០ ពួកគាត់សប្បាយ១០០ដង។ នេះជាហេតុផលមួយ ដែលយើងទាំងអស់គ្នាត្រូវចងចាំ នូវការខិតខំតស៊ូយ៉ាងច្រើនរបស់ ព្រឹទ្ធាចារ្យគុនល្បុក្កតោទាំងអស់ ហើយខ្ញុំសូមឧទ្ទិសនូវស្នាដៃដ៏ធំធេងនេះជូនដល់ពួកគាត់»។

«នេះជាមោទកភាពជាតិកម្ពុជា ដែលប្រជាជននៅលើពិភពលោក បានទទួលដឹងឮរួចហើយនូវ គុនល្បុក្កតោត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ បើយើងមិនបានបំពេញលក្ខខណ្ឌ បានពេញលេញនោះទេ អង្គការយូណេស្កូនឹងដកទៅវិញ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាការពារ ឲ្យបានល្អប្រសើរនូវភាពជោគជ័យនេះ»។

ជាមួយគ្នានេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានទទូចស្នើសុំដល់អ្នកពាក់ព័ន្ធ ក្នុងវិស័យគុនល្បុក្កតោទាំងអស់ ត្រូវបន្តការខិតខំថែរក្សាក្បាច់គុន ព្រលឹងជាតិមួយនេះឲ្យកាន់តែល្អប្រសើរ។ «ប្រសិនបើយើងមិនថែរក្សាបានល្អនោះទេ គឺទី១គេព្រមាន។ ទី២ គេនឹងព្យួរ ហើយទី៣ គឺនឹងដកបេក្ខភាពចេញពីបញ្ជីវិញ»។ ដូច្នេះឯកឧត្តមអគ្គលេខាធិការ បានសំណូមឲ្យអ្នកគ្រប់គ្នាត្រូវ បន្តពង្រឹងការខិតខំថែរក្សាអភិរក្ស និងអភិវឌ្ឍក្បាច់គុនព្រលឹងជាតិខ្មែរ មួយនេះឲ្យបានគង់វង់ កុំឲ្យបាត់បង់ ៕

