ភ្នំពេញ ៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និង ឈិនឡូនកម្ពុជា លោក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា និងនាយកមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាជ្រើសរើស ជើងឯក ថ្នាក់ជាតិឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ ។
លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថា ជាការពិតណាស់ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២២ ជាការផ្ដល់ ឱកាសឲ្យកីឡាករ -កីឡាការិនីបានបញ្ចេញ នូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់ សមត្ថភាពបច្ចេកទេស ដែលអត្តពលិកម្នាក់ៗ បានហ្វឹកហាត់កន្លងមក និងជាដំណើរឆ្ពោះ ទៅការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លទ្ធផលរបស់អត្តពលិក ទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការ ខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូ ព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបាន តាមបទបញ្ជាបច្ចេកទេស នៃការប្រកួត ។ ជាមួយនេះក៏ជាឱកាសក្នុង ការផ្តល់ជូនគណៈកម្មការរៀបចំការប្រកួ បានដកស្រង់ និងពង្រីក បទពិសោធ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំ ការប្រកួតនេះកាន់ត មានភាពទាក់ទាញ ដល់ទស្សនិជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ អត្តពលិកបន្ថែមទៀត ។
លោកប្រធានបានបន្តថា ដើម្បីឲ្យកីឡាសីដក់ នៅកម្ពុជាកាន់តែមានការរីកចម្រើនទាំង បរិមាណនិងគុណភាព ល្អក្នុងពេលដ៏ខ្លីខាងមុខ ខ្ញុំសូមផ្ដល់ អនុសាសន៍ណែនាំ មួយចំនួន ដូចខាងក្រោម ៖ ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណអត្តពលិក វ័យក្មេងនៅ តាមបណ្តាសមាគម-ក្លិបកីឡាសីដក់ ទូទាំងប្រទេស។ ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគម-ក្លិប ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជាចូលរួមប្រកួត ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។
ត្រូវពង្រឹងរចនាសម្ព័ន្ធ គ្រប់គ្រងផ្ទៃក្នុង របស់សហព័ន្ធ និងសមាគម-ក្លិបដោយផ្តោតសំខាន់លើការបំពេញមុខងារ របស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាព ទទួលខុសត្រូវខ្ពស់ ។ ត្រូវពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស និងចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និង រៀបចំការប្រកួត បានគ្រប់កម្រិត ។ ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើត ព្រឹត្តិការណ៍ប្រកួត ឲ្យបានកាន់ តែច្រើន ក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ហើយត្រូវជំរុញការផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់ សហព័ន្ធឲ្យ បានទូលំ ទូលាយដើម្បីទាក់ទាញការគាំទ្រ ពីវិស័យឯកជន និងសាធារណជនជាតិ អន្តរជាតិ ឲ្យកាន់តែច្រើនទៀត ឲ្យកាន់តែច្រើន បន្ថែមទៀត ។ ត្រូវប្រឹងប្រែង រកទីលានប្រកួតប្រភេទកីឡាសីដក់ស្តង់ដារ មួយដើម្បីរៀបចំ ការប្រកួតជាលក្ខណៈអន្តរជាតិ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងកីឡា ដើម្បីសុខភាព និង ជួយ លើកកម្ពស់សុខមាលភាព ដល់ប្រជាពលរដ្ឋ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ៕