ដូហា៖អ្នកចាត់ការសញ្ជាតិប្រេស៊ីល លោក Tite បានបញ្ជាក់ថា លោកនឹងចុះចេញពីដំណែង បន្ទាប់ពីការបរាជ័យក្នុងវគ្គ ៨ក្រុមចុងក្រោយរបស់ក្រុមលោកក្រោមស្នាដៃក្រុមក្រូអាត ដោយបាល់ប៉េណាល់ទី ជាលទ្ធផលចាកចេញពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាកាលពីម្សិលមិញ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។
លោក Tite ក្លាយជាគ្រូបង្វឹកប្រេស៊ីលកាលពីខែកក្កដា ឆ្នាំ២០១៦ បានប្រកាសរួចហើយថា លោកមានបំណងចាកចេញ បន្ទាប់ពីការប្រកួត World Cup ហើយបាននិយាយថា ការសម្រេចចិត្តនឹងមិនផ្លាស់ប្តូរទេ។ លោក Tite បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា វាពិបាកខ្លាំងណាស់ ។ វដ្តនេះបានបញ្ចប់ ហើយខ្ញុំបាននិយាយថាកាលពីមួយឆ្នាំមុន ខ្ញុំត្រូវមានវដ្ដពេញលេញ ហើយឥឡូវនេះខ្ញុំមានវដ្ដពេញហើយ ហើយបានធ្វើតាមពេលនោះ។
នៅពេលត្រូវបានគេសួរថា តើកេរិ៍្តដំណែលប្រភេទណាដែលលោកនឹងបន្សល់ទុក បុរសវ័យ ៦១ ឆ្នាំរូបនេះបានឆ្លើយថា ពេលវេលានឹងឆ្លើយតបទៅនឹងរឿងនោះ។ លោក Tite បានឈ្នះ ៦១ ប្រកួតក្នុងចំណោម ៨១ ប្រកួតរបស់លោក និងចាញ់ ៧ប្រកួតបានដឹកនាំប្រេស៊ីលឲ្យឈ្នះពានរង្វាន់ Copa America ឆ្នាំ ២០១៩ ក្នុងនាមជាម្ចាស់ផ្ទះ៕ដោយ៖លី ភីលីព