កីឡា

អ្នកកាសែត២នាក់​ហើយ បានស្លាប់ ក្នុងពេលយកព័ត៌មាន នៃការប្រកួតបាល់ទាត់ World Cup ឆ្នាំ២០២២ នៅកាតា

បរទេស៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អ្នកកាសែតថតរូបជនជាតិកាតា ឈ្មោះ Khalid Al-Misslam គឺជាអ្នកកាសែតទី២ហើយ ដែលបានស្លាប់ ក្នុងពេលកំពុងរាយការណ៍ FIFA World Cup ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ពិភពលោកនៃអ្នកសារព័ត៌មាន មានការភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រ នៅពេលដែលអ្នកយកព័ត៌មាន ផ្នែកកីឡាបាល់ទាត់អាមេរិក Grant Wahl បានដួលនៅក្នុងតំបន់សម្រាប់អ្នកសារពត៌មាន នៅឯកីឡដ្ឋាន Lusail ហើយក្រោយមកបានស្លាប់ ខណៈពេលដែលនិយាយអំពីជ័យជំនះ នៃការស៊ុតបាល់ប៉េណាល់ទី ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមអាហ្សង់ទីន លើក្រុមហូឡង់ ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ។

ក្រោយមកមានសេចក្តីរាយការណ៍មកថា អ្នកថតរូបសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ Al Kass TV របស់កាតា លោក Khalid Al-Misslam ក៏បានស្លាប់ផងដែរ ខណៈពេលដែលកំពុងធ្វើការ អំឡុងនៃការប្រកួត។

មិន​មាន​ព័ត៌មាន​បន្ថែម​ទៀត ​ត្រូវ​បាន​គេ​ចេញ​ផ្សាយ​អំពី​ការ​ស្លាប់​របស់ Al-Misslam ទេ។ កាសែត The Gulf Times របស់កាតាដំបូងបានរាយការណ៍ ពីមរណភាពរបស់គាត់ និងបានចូលរួមរំលែកទុក្ខ ដល់គ្រួសាររបស់គាត់ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

“អ្នកកាសែតទូរទស្សន៍ Al Kass TV លោក Khalid al-Misslam បានទទួលមរណភាពថ្មីៗនេះ។ Al-Misslam ជាជនជាតិកាតា បានស្លាប់ភ្លាមៗ ខណៈពេលកំពុងយកព័ត៌មានព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup Qatar 2022”, នេះបើតាម កាសែត The Gulf Times បានសរសេរកាលពីរសៀលថ្ងៃសៅរ៍៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top