កីឡា

គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បើកវគ្គអប់រំសុខភាព និងកីឡា សម្រាប់ជនបញ្ញា ខ្សោយនៅភ្នំពេញ

ភ្នំពេញ ៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ហ៊ូ សិទ្ធិសោភាល័យ នាយិកាវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា និងលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានចូលរួមវគ្គអប់រំសុខភាព និងកីឡា សម្រាប់ជនបញ្ញាខ្សោយ ដោយសិក្ខាកាមចំនួន៤០នាក់ ស្រី១៤នាក់ ជាគរុសិស្ស នៃវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡានៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ។

លោក ឃ្លាំង ចន្ធូ បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា គឺ ជាអង្គការសង្គមកីឡា មានការទទួលខុសត្រូវ វិស័យកីឡា សម្រាប់ជនពិការខ្សោយ សតិបញ្ញានៅកម្ពុជា បានអនុវត្ត តាមចលនា ស្ប៉េស្យាល់ អន្តរជាតិក្នុងគោលបំណង ជួយដល់ជន មានពិការភាពមានឱកាស ចូលរួមសកម្មភាព ក្នុងសង្គមតាម រយៈវិស័យកីឡា ។ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ដល់ការពង្រឹង និងពង្រីក ចលនាកីឡា ល្បែងកម្សាន្ត កម្មវិធីត្រួតពិនិត្យ សុខភាព និងកម្មវិធីអប់រំផ្សេងៗទៀត ជារៀងរាល់ឆ្នាំ ទៅដល់សហគមន៍ និងអ្នកគ្រប់គ្រង មើលថែជនពិការខ្សោយ សតិបញ្ញា នៅតាមបណ្តាខេត្ត នានា ។

លោកបានបន្តថា កម្មវិធីនេះ មានគោលបំណងអប់រំសុខភាព និងកីឡាសម្រាប់ជនបញ្ញាខ្សោយ ដល់អ្នកទទួលបន្ទុក និងគ្រូអប់រំកាយ និងកីឡាឲ្យមានការយល់ដឹង អំពីការថែរក្សាសុខភាព និងវិធីសាស្ត្រ បង្ហាត់បង្រៀន បានត្រឹមត្រូវដល់ជនបញ្ញាខ្សោយ ដើម្បីបម្រើសុខុមាលភាព និងភាពសប្បាយរីករាយដល់ពួកគាត់ដែលជាការពង្រឹង នូវសមត្ថភាព កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញា ស្មារតី មានសាមគ្គីភាព មានទំនាក់ទំនង រវាងប្អូនៗ ជនមានពិការភាព ។ នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ របស់រាជរដ្ឋា ភិបាលកម្ពុជាដល់ជនមានពិការភាព និងជាការរួមចំណែក ក្នុងការអនុវត្ត ច្បាប់ស្តីពីកិច្ចការពារ និងលើក កម្ពស់សិទ្ធិជនមានពិការ ភាពនៅកម្ពុជា ។

លោកស្រី ហ៊ូ សិទ្ធិសោភាល័យបានមានប្រសាសន៍ថា ចំពោះការពង្រឹង និងពង្រីកចលនាអប់រំកាយ និងកីឡាតាមរយៈកម្មវិធីសិក្សារបស់វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា និងវគ្គបណ្តុះបណ្តាល ដល់គ្រូបង្វឹក ជាក់ស្តែងនាពេលនេះ បានសហការជាមួយ គណៈកម្មាធិការជាតិអប់រំកាយ និងកីឡាដល់ប្អូនៗ គរុសិស្សនៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ដែលពួកគាត់នឹងក្លាយ ទៅជាគ្រូអប់រំកាយ និងកីឡា នាពេលដ៏ខ្លីខាងមុខនេៈ អាចទៅបង្ហាត់បង្រៀនមុខ វិជ្ជាអប់រំកាយ និងកីឡាដល់សិស្សានុសិស្ស និងមហាជនទូទៅបាន ។ ដើម្បីពង្រឹងសមត្ថភាពដល់គរុសិស្ស ឲ្យយល់កាន់តែច្បាស់ អំពីវិញ្ញាសា និងប្រភេទកីឡាផ្សេងៗ ដែលកំពុងវិវឌ្ឍន៍ នៅលើសកលលោកនាពេលបច្ចុប្បន្ន ដូចជាប្រភេទ កីឡាអូឡាំពិក កីឡាប៉ារ៉ា ឡាំពិក និងកីឡាស្ប៉េស្យាល់ អូឡាំពិកជាដើម។ សម្រាប់កីឡាស្ប៉េស្យាល់ អូឡាំពិក គឺជាកីឡា សម្រាប់ជនពិការខ្សោយសតិបញ្ញា ឬហៅថាជនបញ្ញាខ្សោយ ដែលពួកគាត់មានកម្រិត IQ ទាប ជាងមនុស្សធម្មតាទូទៅ តាមរយៈការត្រួតពិនិត្យវាយ តម្លៃពីវេជ្ជបណ្ឌិតជំនាញ ៕

Most Popular

To Top