ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិ ក្រូអាតនៅរាត្រីនេះម៉ោង២:០០នាទី ក្នុងវគ្គសំខាន់៤ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ២០២២ ។
នេះជាពេលវេលាសងសឹក របស់អាហ្សង់ទីនលើក្រូអាត ក្រោយធ្លាប់ចាញ់ដល់ទៅ ៣-០ កាលពីព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងប្រទេសរុស្សី។ ឆ្នាំនោះពួកគេស្ថិតក្នុងពូលជាមួយគ្នា ហើយក្រូអាតធ្វើបានល្អមែនទែន ៣ប្រកួតក្នុងពូលឈ្នះ ទាំងអស់មាន៩ពិន្ទុពេញ។
ប្រវត្តិជួបគ្នា
យប់នេះនឹងក្លាយជាលើកទី៣ ដែលអាហ្សង់ទីន និងក្រូអាតប៉ះគ្នា ក្នុងកម្មវិធី World Cup។ លើកដំបូងពួកគេជួបគ្នាក្នុងឆ្នាំ១៩៩២ ហើយអាហ្សង់ទីនឈ្នះ ១-០ ហើយលើកចុងក្រោយឆ្នាំ២០១៨ ក្រូអាត សងសឹកបានវិញឈ្នះ ៣-០។ ខាងក្រោមជា៥ប្រកួតចុងក្រោយរបស់ពួកគេ៖
អាហ្សង់ទីន ០-៣ ក្រូអាត
អាហ្សង់ទីន ២-១ ក្រូអាត
ក្រូអាត ៣-២ អាហ្សង់ទីន
អាហ្សង់ទីន ១-០ ក្រូអាត
ក្រូអាត ០-០ អាហ្សង់ទីន
ប្រវត្តិក្នុង World Cup
ក្រោយឆ្លងកាត់វគ្គសន្សំពិន្ទុក្នុងពូល អាហ្សង់ទីន ដណ្ដើមបានចំណាត់ថ្នាក់កំពូលតារាង រួចបន្តឡើងវគ្គ១៦ក្រុមចុងក្រោយ ដោយបានយកឈ្នះអូស្ដ្រាលី ២-១។ ឈានដល់វគ្គ៨ក្រុមចុងក្រោយ ក្រុមរបស់ Lionel Messi បានយកឈ្នះយ៉ាងតានតឹងលើហុល្លង់ដោយបាល់ប៉េណាល់ទី កាត់សេចក្ដី ៤-៣។
ឯក្រូអាតជាក្រុមបញ្ចប់ចំណាត់ថ្នាក់លេខពីរក្នុងពូល ឈរក្រោមម៉ារ៉ុក តែពួកគេបន្តដំណើរឡើងទៅវគ្គ១៦ក្រុម ចុងក្រោយយកឈ្នះជប៉ុនដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៣-១។ កាន់តែភ្ញាក់ផ្អើលវគ្គ៨ក្រុមចុងក្រោយ ក្រូអាតបន្តទម្លាក់ក្រុមជើងឯក៥សម័យប្រេស៊ីលដោយបាល់ប៉េណាល់ទីកាត់សេចក្ដីជាថ្មី។