កីឡា

Real Madrid៖ Cristiano Ronaldo ធ្វើការហ្វឹកហាត់នៅអតីតក្លិប បន្ទាប់ពីចាកចេញ Manchester United

អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រBBC បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើមCristiano Ronaldo បាននឹងកំពុងប្រើមូលដ្ឋានហ្វឹកហាត់របស់ក្លិបបាល់ទាត់យក្ស Real Madrid ដើម្បីរក្សាកាយសម្បទា បន្ទាប់ពីការធ្លាក់ចេញពីព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup របស់ប្រទេសព័រទុយហ្គាល់។

បន្ទាប់ពីកិច្ចសន្យារបស់លោកនៅ Manchester United ត្រូវបានលុបចោលកាលពីខែមុន កីឡាករ Ronaldo មានសេរីភាពក្នុងការចូលរួមជាមួយក្លិបមួយផ្សេងទៀតនៅថ្ងៃទី ១ ខែមករា។ ក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr បានដាក់សំណើរដ៏ច្រើនសម្រាប់ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះ ទោះបីជាគេយល់ថាលោកមានជម្រើសផ្សេងទៀតក៏ដោយ។

កីឡាករ Ronaldo បានហ្វឹកហាត់តែម្នាក់ឯងនៅមូលដ្ឋាន Valdebebas របស់ Real ហើយមិនមានជម្រើសក្នុងការត្រលប់ទៅក្លិបអេស្ប៉ាញវិញទេ។ កិច្ចសន្យាលើកទី២របស់ Ronaldo នៅ Manchester United ត្រូវបានបញ្ចប់មុនកាលកំណត់ បន្ទាប់ពីកិច្ចសម្ភាសន៍ដ៏ចម្រូងចម្រាសមួយ ដែលម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យបានរិះគន់ក្លិប ហើយបាននិយាយថា លោកគ្មានការគោរពចំពោះអ្នកចាត់ការ Erik ten Hag ។

នោះបានកើតឡើងពីរថ្ងៃមុនពេលព័រទុយហ្គាល់ចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេ ហើយ Ronaldo បានចាប់ផ្តើមការប្រកួតបីដំបូងរបស់ពួកគេ ដោយបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារនៅពេលលោកត្រូវបានប្តូរនៅការប្រកួតចុងក្រោយក្នុងពូលជាមួយកូរ៉េខាងត្បូង។

សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់បានបដិសេធថា Ronaldo បានគំរាមចាកចេញពីក្រុម បន្ទាប់ពីត្រូវបានគេប្រាប់ថា លោកនឹងមិនចាប់ផ្តើមការប្រកួត ១៦ ក្រុមចុងក្រោយជាមួយស្វីស ហើយអ្នកជំនួសតំណែងរបស់លោក គឺកីឡាករ Goncalo Ramos បានបន្តស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងជ័យជម្នះ ៦-១ ៕ដោយ៖លី ភីលីព

Most Popular

To Top